(ភ្នំពេញ)៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ នៅសណ្ឋាគារ សុខា ភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម ម៉ម វណ្ណៈ លើកឡើងថា ជាការពិត ការដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការផ្តល់ការគាំទ្រ ក្នុងការរួមចំណែកផ្តល់ជាផែនទីបង្ហាញផ្លូវ និងអនុសាសន៍សំខាន់ៗសំដៅពង្រឹងយន្តការអធិការកិច្ចការងារ ដែលជាកិច្ចការអាទិភាព បានកំណត់ជាអភិក្រមក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ គឺសំដៅធានា និងលើកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ ស្របតាមការចង្អុលបង្ហាញនៃយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ផងដែរ។
សៀវភៅគោលការណ៍ណែនាំនេះ បានពន្យល់លម្អិតអំពីបច្ចេកទេស និងនីតិវិធីនៃការធ្វើអធិការកិច្ចការងារស្របតាមច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធនឹងវិស័យការងារ ព្រមទាំងអនុលោមតាមបទដ្ឋានអន្តរជាតិខាងការងារ និងបានបង្ហាញផងដែរនូវឧត្ដមានុវត្ដន៍របស់អង្គការអន្តរជាតិខាងការងារ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីគោលការណ៍អធិការកិច្ចការងារ។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមជាពុទ្ធិ និងទស្សនវិស័យ ប្រកបដោយភាពប្រាកដនិយម ជាពិសេសការប្តេជ្ញាក្នុងការចូលរួមអនុវត្តសៀវភៅ នេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។ លើសពីនេះ ឯកឧត្តម បានអរគុណ ដល់តួអង្គពាក់ព័ន្ធសំខាន់ៗ ដែលបានចូលរួមផ្តល់ធាតុចូល និងពិគ្រោះយោបល់យ៉ាងជិតស្និត ក្នុងការរៀបចំឯកសារនេះ រហូតបានបញ្ចប់ ការដាក់ចេញសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារនេះ គឺមានភាពចាំបាច់ ក្នុងការពង្រឹង និងធានាយន្តការអធិការកិច្ចការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ឆ្លើយតបទៅនឹងចរន្តនៃការវិវត្តថ្មីៗ, ការកើនឡើងនៃតម្រូវទីផ្សារ និងតម្រូវការអភិវឌ្ឍន៍ក្នុងកម្រិតវិស័យការងារ, និង ម្យ៉ាងទៀត ដើម្បីចាប់យកកាលានុវត្តភាពនានា សំដៅលើកកម្ពស់វិស័យនេះ ឱ្យចូលរួមកាន់តែល្អប្រសើរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ទន្ទឹមនឹងនោះ ឯកឧត្តម បានចែករំលែកគំនិត ចំពោះតួនាទី ភារៈកិច្ច និងទិសដៅអាទិភាពមួយចំនួន ដែលត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដូចជា៖
១/. អធិការការងារ ត្រូវស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសៀវភៅគោលការណ៍ណែនាំនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការចុះធ្វើអធិការកិច្ចការងារ សំដៅធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
និង២/. អធិការកិច្ចការងារ ត្រូវខិតខំតាមដានឲ្យបានទ្វេដង ដើម្បីស្រូបយកនូវចំណេះដឹងថ្មីៗ និងបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះក្នុងកម្រិតអតិបរមា ហើយយកគោលការណ៍អធិការកិច្ចការងារនេះ ទៅអនុវត្តឱ្យបានត្រឹមត្រូវ ទន់ភ្លន់ និងម៉ឺងមាត់ សមជាមន្រ្តីរាជការ ដែលបានប្រែក្លាយជាមន្ត្រីនគរបាលយុត្តិធម៍។ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព ប្រកបដោយសក្តានុពល ពីបដិវត្តឧស្សាហកម្ម៤.០, ការលើកកម្ពស់បរិវត្តកម្មឌីជីថល ជាពិសេសប្រែក្លាយវិបត្តិជំងឺកូវីដ-១៩នេះ ឱ្យទៅជាកាលានុវត្តភាព ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមចំណែកផ្តល់នូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕