Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ប្រវត្តិសង្ខេបអំពី ក.ប.

 ពុធ, 04 កញ្ញា 2024 11:20  |    Written by MLVT  |  2924 times  |   Print  |   Email

 

ប្រវត្តិសង្ខេបក្រសួងទទួលបន្ទុកវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១.

ដំណាក់កាលពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៥៣

 
  • អធិការដ្ឋាន​ការ​ងារ​​​​អាណានិគម ត្រូវបាន​បង្កើត​ឡើង​ដំបូង​នៅឆ្នាំ១៩១៨ តាមរយៈ​ការបង្កើត​អគ្គលេខា​ធិ​ការដ្ឋាន​ត្រួត​មើលពលកម្ម និង​អាណានិគម តាម​អនុក្រឹត្យ​ចុះថ្ងៃទី​១ ខែមករា ឆ្នាំ​១៩១៨ ​ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨ អធិការដ្ឋាន​ការងារ​នៅកូសាំងស៊ីន ត្រូវបាន​បង្កើត​ឡើង​។

  • នៅ​ឆ្នាំ​​១៩២៦ ទើប​មាន​ការ​បង្កើត​​អធិការដ្ឋាន​ការ​ងារមួយ​នៅ​​តុងកឹង តាមអនុ​​ក្រឹត្យ​​ចុះថ្ងៃទី​​៣០ ខែមេសា ឆ្នាំ​១៩២​៦ និង​អធិការដ្ឋាន​​ការងារមួយនៅអណ្ណាម តាមអនុក្រឹត្យ​​ចុះថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩២៧ ក្រោយ​មក​​ទើប​មានការ​​បង្កើតអគ្គ​អធិការដ្ឋាន​ការងារឥណ្ឌូចិន ​នៅ​អម​​​​​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន តាមអនុ​ក្រឹត្យ​​ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​១៩២៧ ដើម្បី​ពិនិត្យ​​​មើល​អធិការដ្ឋានការងារទាំង​អស់​តាម​ដែនដីនីមួយៗក្នុង​តំបន់​ឥណ្ឌូចិន ដោយ​​លុបចោលនូវ​អគ្គលេខា​ធិការ​ដ្ឋាន​ត្រួត​មើល​ពលកម្ម និង​អាណានិគម ដែល​បាន​បង្កើតនៅឆ្នាំ​១៩១​៨​។
  • នៅកម្ពុជា​អធិ​ការ​ដ្ឋាន​ការងារ​ ត្រូវបាន​បង្កើត​ឡើងតាម​ក្រឹត្យ​ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩២៧​ ដែល​ស្ថិតក្រោម​ឱវាទ​រ៉េស៊ីដង់ស៊ុបពើរីយើនៅកម្ពុជា​ ​ពេលនោះ លោក Patry ត្រូវ​បាន​តែងតាំង​ជា​អធិការ នៃអធិការដ្ឋាន​ការងារ​ដំបូងគេបំផុតនៅកម្ពុជា បន្ថែម​លើ​មុខងារជាអធិ​ការ​ទទួលបន្ទុក​ការងារ​នយោបាយ និង​រដ្ឋបាល​សម្រាប់​ប្រទេសកម្ពុជា តាមអនុ​ក្រឹត្យ​ចុះថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩២៧។ អធិការដ្ឋានការងារនេះ មានតួនាទី​ក្នុង​​ការពិនិត្យមើល ​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ការងារទាំងឡាយ ដែលមានចែងក្នុង​អនុក្រឹត្យចុះថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩២៧ ព្រមទាំងបទប្បញ្ញត្តិប្រទាក់ប្រទងនឹងការងារ​ដែលមានអនុវត្តក្នុង​តំបន់ឥណ្ឌូចិន។

  • នៅចន្លោះឆ្នាំ១៩៣៦-១៩៤៨ បទប្បញ្ញត្តិពាក់ព័ន្ធនឹង​វិស័យ​ការងារ​នៅតំបន់​​ឥណ្ឌូចិន និង​កម្ពុជា​ក៏ត្រូវបាន​រៀបចំ​ជាបន្ទប់​ ដូចជា៖

    • ​ក្រឹត្យ​របស់​អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ១៩៣៦ ស្តីពី​សៀវភៅការងារកម្មករ

    • ក្រឹត្យ​ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៣៦ ស្តីពី​ការផ្តល់បន្ថែម​​​នូវរបប​​អាហារ សម្លៀកបំពាក់ និង​​ការថែទាំសម្រាប់អ្នកធ្វើការ​កាត់ជំពាក់​ ដែល​មាន​ប្រាក់ឈ្នួលតិច

    • ក្រឹត្យចុះ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​១៩៣៦ អនុវត្ត​​ចំពោះ​ប្រជាជនឥណ្ឌូចិន និង​អ្នកមាន​បុព្វសិទ្ធិដូចគ្នា

    • ក្រឹត្យ​ចុះថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៣៧ អនុវត្ត​ចំពោះ​ប្រជាជនអឺរ៉ុប និង​អ្នកមាន​​បុព្វសិទ្ធិដូចគ្នា

    • ព្រះរាជក្រម​​លេខ៨៤ នស ចុះថ្ងៃទី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៣៨ ពង្រីក​​វិសាលភាព​​នៃការអនុវត្ត​ក្រឹត្យ​ឆ្នាំ១៩៣៧ ដល់អាណិកជនខ្មែរ

    • ព្រះរាជក្រឹត្យលេខ៤ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៣៧ ស្តីពីការ​ដាក់ឱ្យ​អនុវត្ត​​ចំពោះកម្មករនិយោជិតខ្មែរ​នូវ​អត្ថបទស្តីពីការ​ផ្សះផ្សា និង​ដោះស្រាយ​វិវាទ​ការងារ

    • ព្រះរាជក្រឹត្យលេខ​៧៤ ចុះថ្ងៃទី២២ ខែមេសា​ ឆ្នាំ​១៩៣៧​ ស្តីពីវាទបទបញ្ជានៃសៀវ​ភៅ​កម្មករមកដល់​ជនជាតិខ្មែរ

    • ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន លេខ២៨៧ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៣៧ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិឥណ្ឌូចិន

    • ក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៤ ស្តីពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៃកម្មករ និងនិយោជិតជាតិអឺរ៉ុប។

    • ព្រះរាជក្រមលេខ១២៣ ន.ស ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​១៩៤៤ និរាករ​ណ៍​ព្រះរាជប្រកា​ស​​ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៨៩៧ និង​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៣​៦

    • ក្រឹត្យរបស់ស្នងការជាន់ខ្ពស់បារាំងនៅឥណ្ឌូចិន លេខ២៧២-៣៣៨៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨ កំណត់បណ្តោះអាសន្នវិធីឈប់សម្រាកប្រចាំឆ្នាំនៃអ្នកស៊ីឈ្នួលជាតិអឺរ៉ុប និងអ្នកមានបុព្វសិទ្ធិដូចគ្នា។

  • ​​នៅឆ្នាំ​១៩៤៦ មាន​គណបក្ស​នយោបាយ​ចាប់ផ្តើម​បង្កើតឡើង ដើម្បីចូលរួម​ការ​បោះ​​ឆ្នោ​​ត​ជ្រើសរើសរដ្ឋសភា ដែល​បាន​ប្រព្រឹត្តទៅនៅខែកញ្ញា ហើយ​រាជរដ្ឋា​ភិបាល​នៃរបបរាជាធិបតេយ្យ​អាស្រ័យសភា​នៃ​ប្រទេសកម្ពុជាដំបូង​បំផុត ​ក៏ត្រូវបាន​បង្កើតឡើង ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស (១៥/១២/១៩៤៦ ដល់ ២៤/៧/១៩​៤៧)។

  • ព្រះរាជក្រម​លេខ៣៧៥ ន.ស. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៧ ស្តីពី​រជ្ជវាសី​​នៃការ​វាទ​នីតិក្រម​ការងារបារាំង គឺជាច្បាប់​​​មូលដ្ឋាន​មួយ​សម្រាប់​បទប្បញ្ញត្តិពាក់ព័ន្ធ​វិស័យ​​ការងារ​ ដោយ​បាន​​កំណត់ក្នុង​មាត្រា១​ ថា «នីតិក្រម​ការងារបារាំង ដែលកំពុងអនុវត្តនៅក្នុង​ប្រទេសកម្ពុជា ត្រូវបានប្រើ​ប្រាស់​​​​ជាបណ្តោះអាសន្ន រហូត​ដល់មាន​បទប្បញ្ញ​ត្តិ​ការងារថ្មីមកជំនួស»។ តាមព្រះ​រាជក្រម​​​​នេះ រាល់បទប្បញ្ញត្តិនៃ​នីតិក្រម​បារាំង ត្រូវបាន​យក​ទៅអនុវត្ត​ចំពោះជនជាតិខ្មែរ។

  • នៅ​ឆ្នាំ​១៩៤៧ ក្នុងរាជរដ្ឋាភិបាលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស (២៥/៧/១៩៤៧ ដល់ ២០​/​២/១៩៤៨) ​មានការ​បង្កើត​ អធិការដ្ឋានការងារខ្មែរ និង​​ការិយាល័យ​សង្គមកិច្ច​ ដែ​លពេលនោះអង្គភាព​ទាំងពីរនេះ​​​ស្ថិតនៅក្រោមឱវាទនៃក្រសួង​​​ព័ត៌មាន និង​សង្គមកិច្ច ដែលត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រម​លេខ​៣៧៨ ន.ស​ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ ដោយ​លុបចេញ​ក្រសួង​ព័ត៌មាន ឃោស​នាការ និងការ​បោះពុម្ពផ្សាយ ដែល​ត្រូវបាន​បង្កើត​ដោយ​ព្រះរាជក្រម​ ចុះថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​​១៩៤៧។​

  • នៅ​ឆ្នាំ​១៩៤៨ ក្រសួងសុខាភិបាល ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រមលេខ២០ន.ស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​១៩៤៨។

  • នៅ​​ឆ្នាំ​១៩៤​៩ ព្រះរាជក្រឹត្យលេខ៨៨ ន.ស នេះ ត្រូវ​​និរាករណ៍ ហើយ​ជំនួស​ដោយ​ព្រះរាជ​ក្រឹត្យ​​​​​លេខ១៤២ ន.ស ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ​១៩៤៩ ដោយ​ពេលនោះមានការ​ច្របាច់បញ្ចូល​វិស័យ​សុខាភិបាល វិស័យ​​សង្គ​មកិច្ច រួមទាំងវិស័យ​ការងារ ឱ្យ​នៅក្រោម​ឱវាទក្រសួង​​សុខា​ភិបាល និង​សង្គមកិច្ច​​។

  • រហូត​ដល់​ឆ្នាំ​​១៩៥​១​ ក្រោ​យ​​ការ​ចុះហត្ថលេខា​​លើ​សន្ធិសញ្ញា​​​បារាំ​ង-ខ្មែរ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ ដែល​លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ថ្ងៃទី១១ ខែសីហា ​ឆ្នាំ​១៨៦៣ និងអនុសញ្ញាថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ​១៨៨៤ ​​ប្រទេ​ស​បារាំងបាន​ព្រម​ទទួ​ល​​ស្គាល់​​តាម​ផ្លូវច្បាប់​ ព្រះរាជាណាចក្រកម្ពុជា​ជារដ្ឋឯករាជ្យមួយ​ស្ថិតក្នុងសហព័ន្ធឥណ្ឌូ​ចិនបារាំង​។​ ដោយ​អនុវត្ត​តាម​មាត្រា​២ នៃអនុសញ្ញា​នេះ អធិការដ្ឋានការងារ​បារាំង​ក៏​ត្រូវ​បាន​ផ្ទេរមក​ឱ្យ​សមត្ថកិច្ចនៃរដ្ឋាភិបាល​ខ្មែរ​នាពេល​នោះ ហើយ​ក្រសួង​សង្គមកិច្ច និង​ការងារ ក៏​ត្រូវ​បាន​បង្កើត​ឡើងតាម​ព្រះរាជក្រឹត្យលេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥​១​។ ​

  • ក្រសួងទទួលបន្ទុកវិស័យការងារ​ ត្រូវបាន​បង្កើត​ឡើង​ជាផ្លូវការដំបូងដោ​យ​​មាន​ឈ្មោះថា ​ក្រសួងសុខាភិបាល ការងារ និង​​សង្គមកិច្ច តាម​ព្រះរាជក្រឹត្យ​លេខ១៦៨ ន.ស ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥​១ ទទួលបន្ទុកលើ​​វិស័យ​​ចំនួន​៣គឺ វិស័យ​សុខាភិបាល​ វិស័យ​សង្គម​កិច្ច និង​វិស័យ​ការងារ ។

២.

ដំណាក់កាលចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០

 
  • នៅឆ្នាំ​១៩៥​៧ ​មាន​ការរើ​រៀបចំ​បន្ថែមនូវ​ក្រសួង​សង្គមកិច្ច និងការ​ងារ​ ដោយ​​និរាករណ៍បញ្ញត្តិនៃប្រកា​រ ១, ៨, ៩, ១០, ១១, និង១២ នៃ​ព្រះរាជក្រឹត្យលេខ១៦៨ ​ន.ស. ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ​១៩៥១ តាម​​ព្រះរាជ​​ក្រឹត្យ​លេខ៦៥១ ន.ស ចុះថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​១៩៥៧​​ ស្តីពី​ការ​បង្កើត​ក្រសួង​សង្គមកិច្ច និងការ​ងារ ។

  • នៅឆ្នាំ​១៩៦១ ​មាន​កែ​សម្រួលឡើងវិញ​នូវរចនាសម្ព័ន្ធ​របស់​ក្រសួងសង្គមកិច្ច និងការងារជាថ្មីម្តងទៀត​ តាមព្រះរាជក្រឹត្យចំនួនបួនរួមមាន ​ព្រះរាជក្រឹត្យលេខ៦៣ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការរើរៀ​ប​ចំ​​​ឡើងវិញ​នៃក្រសួង​​សង្គមកិច្ច និងការងារ, ព្រះរាជក្រឹត្យលេខ៦៤ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពី​​​ការ​រើរៀបចំ​ឡើងវិញនៃ​អធិការដ្ឋាន​សង្គមកិច្ច, ព្រះរាជក្រឹត្យលេខ៦៥ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀបចំឡើងវិញ​នៃអគ្គាធិការដ្ឋាន​ការងារ និងព្រះរាជក្រឹត្យ​លេខ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦១ ស្តីពីការ​រើរៀបចំឡើងវិញនៃ​អធិការដ្ឋាន​កសិដ្ឋាន។

  • ឆ្នាំ១៩៦៨ ទើប​មាន​ការ​រើកែសម្រួល​រចនា​​​សម្ព័ន្ធគ្រប់គ្រង​របស់ក្រសួង ​​សង្គមកិច្ច និងការងារ ម្តងទៀត តាម​ក្រឹត្យ​ច្បាប់​លេខ៤៩១/៦៨-ប.រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ​១៩៦៨ ស្តីពីការ​រៀបចំ​ជាថ្មីនៃ​ក្រសួ​ង​​​សង្គមកិច្ច និងការងារ និង​ក្រុម​ដែលនៅក្រោម​ឱវាទ ដោ​យ​​​និរាករណ៍​​នូវ​បទប្បញ្ញត្តិនៃព្រះរាជក្រឹត្យលេ​ខ៦៣, ៦៤, ៦៥, ៦៦ ប.រ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ​១៩៦​១ ដោ​យ ក្រសួង​សង្គមកិច្ច និងការងារមានភារកិច្ចទ​ទួលខុស​ត្រូវ​ខាងបញ្ហា​ការងារ អាជីវពលកម្ម និង​កិច្ចការ​​សង្គម​។

៣.

ដំណាក់កាលចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩

 
  • របបសាធារណរដ្ឋខ្មែរ បានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារតាមក្រមលេខ៤៦៧/៧១ ប.រ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧១ ដោយគិតចាប់​ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។

  • របបសាធារណរដ្ឋខ្មែរ​ បាន​​​រៀបចំ​ឡើង​វិញ​​​​នូវ​រចនាសម្ព័ន្ធ​រដ្ឋបាល​ការ​ងារ​ និងព្រមទាំងមាន​ការ​រៀបចំ​នូវ​សេចក្តីព្រាង​​ច្បាប់ការងារ​ថ្មី ដែល​ត្រូវ​បាន​ប្រកា​ស​​​ឱ្យ​ប្រើ​តាម ​​ក្រម​លេខ ២/៧២ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ​១៩៧២ ប៉ុន្តែ​ច្បាប់ការងារថ្មីនេះ ពុំដែលត្រូវ​បាន​​អនុវត្ត​​នោះ​ទេ ​ដោ​យ​សារ​កត្តាសង្គ្រាមស៊ីវិល​។

  • តាម​ក្រឹត្យលេខ៧០១/៧០ ប.រ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩៧០ ក្រសួ​ង​​​​សង្គម​​កិច្ច និងការងារ​ ត្រូវបាន​ប្តូរឈ្មោះ​ជា ក្រសួង​​សង្គមកិច្ច និងការងារ និង​មុខរបរ វិញ ដោយ​ក្រសួ​ង​​ថ្មី​​នេះ​​ទទួ​ល​បន្ទុក​ខាងបញ្ហា​សង្គមកិច្ច កិច្ចការការងារ និង​ហត្ថពលកម្ម ព្រម​ទាំង​បញ្ហា​ទាំង​ឡាយ ​ដែល​ប្រទា​ក់​​ប្រទងគ្នា។

  • ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋាភិបាល​សម្តេច​ ប៉ែន នុត (ថ្ងៃទី១៧ ខែមេសា ១៩៧​៥ ដល់​ថ្ងៃទី១៤ ខែមេសា ១៩៧៦ និង​រដ្ឋាភិបាល​ ប៉ុល ពត (១៤ មេសា ១៩៧៦ ដល់ ៦ មករា ១៩៧៩) ពុំមាន​បង្កើ​ត​​ក្រសួង​ទទួ​ល​បន្ទុក​វិស័យ​ការងារ​ទេ។

៤.

ដំណាក់កាលចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣

 
  • ក្រោយការ​​រំដោះពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ១៩៧៩ ​ក្រុមប្រឹក្សា​ប្រជាជនបដិវត្ដន៍កម្ពុជា បានបង្កើ​ត​ “គណៈកម្មាធិការ​​សង្គមកិច្ច” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ ថ្នាក់​ស្មើក្រសួង​ ដឹកនាំដោយ លោក នៅ សាមុំ ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម​កិច្ច គឺយុទ្ធជនពិការ និង​កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ចាស់ជរា ដែល​បន្សល់ទុក​ពីរបប​​ខ្មែរ​ក្រហម​។

  • រហូតដល់ ឆ្នាំ១៩៨​៥​ គណៈកម្មាធិការ​​សង្គមកិច្ច ត្រូវបានប្ដូរ និង​បង្កើត​ជា ក្រសួង​យុទ្ធជន​ពិការ-សង្គមកិច្ច តាម​​ក្រឹត្យច្បាប់លេខ១៩ ក្រ.ច ថ្ងៃទី៥ ខែមីនា ឆ្នាំ​១៩៨៥ ដែលមាន លោក​ ម៉ម សាប៊ុន ជារដ្ឋមន្ដ្រី​ ហើយ​រហូត​ដល់ឆ្នាំ​១៩៨៨ ទើប​មាន​ការ​ផ្ទេរភារកិច្ច​ លោក កុយ ប៊ុនថា មកជារដ្ឋមន្ត្រីក្រសួង​យុទ្ធជនពិការ-សង្គមកិច្ច ​វិញ តាម​ក្រឹត្យ​លេខ៤៦ ក្រ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ​១៩៨៨​។

  • តួនាទីភារកិច្ច និង​រចនាសម្ព័ន្ធ​​ចាត់តាំងរបស់ក្រសួង​យុទ្ធជនពិការ-សង្គម​​​កិច្ច ត្រូវ​កំណត់ដោយ​អនុក្រឹត្យលេខ១៩ អនក្រ ចុះ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​១៩៨៥ ដែល​មាន​រចនា​សម្ព័ន្ធ​តាំងពីថ្នាក់មជ្ឈិម រហូត​ដល់​ខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ។

  • នៅឆ្នាំ​១៩៨៧ មាន​ការ​រើ​រៀបចំ​ឡើង​​វិញ​នូវ​រចនាសម្ព័ន្ធ​ក្រសួង​យុទ្ធជន​ពិការ និង​សង្គមកិច្ច តាមសេចក្តីសម្រេច​លេខ១០.៨៧​ យស.ចត ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ​១៩៨៧ ស្តីពី​ការ​បង្កើត​​ការិយាល័យ​ចំណុះនាយកដ្ឋាន ​​ក្រោមឱវាទ​ក្រសួង​យុទ្ធជនពិការ និង​សង្គម​កិច្ច ក្រសួង​នេះមាន​ការ​បង្កើត​ការិយា​ល័យ​​សរុប​ចំនួន ១៥ ក្នុង​នោះ​ចំណុះឱ្យ​មន្ទីរ ចំនួន ៣ ​ការិយាល័យ និងចំណុះឱ្យ​ថ្នាក់នាយកដ្ឋាន​ ចំនួន ១២ មាន​ នាយកដ្ឋានចាត់​តាំង, នាយកដ្ឋាន​​ផែនការ ហិរញ្ញវត្ថុ, នាយកដ្ឋាន​យុទ្ធជន​ពិការ, នាយកដ្ឋាន​​ចូលនិវត្តន៍សង្គ្រោះសង្គម និងនាយកដ្ឋាន​សម្រួ​ល​រាងកាយស្តារលទ្ធភាព​​ពលកម្ម។

  • ក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រសួងយុទ្ធជន​ពិការ-សង្គមកិច្ច ត្រូវបានប្តូរ និងបង្កើតទៅជា ក្រសួងការងារ និង​សង្គមកិច្ច​ តាមច្បាប់ស្តីពី​ការ​កែ​ប្រែឈ្មោះ ការចាត់តាំង​តួនាទី និង​ភារកិច្ច​របស់ទីស្តី​ការ​​រដ្ឋមន្ត្រី​ក្រសួង​យុទ្ធជនពិការ-សង្គមកិច្ច ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅថ្ងៃទី៦ ខែមេសា និង​ត្រូវ​បាន​ប្រកាសឱ្យ​ប្រើ​ដោយ​ក្រឹត្យលេខ៥៣ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩​២ ដើម្បីទទួលបន្ទុ​កបន្ថែមនូវវិស័យការងារតាម​ច្បាប់ស្តីពីការងារ ដែលទើប​រៀប​ចំ​​​ថ្មី។

  • ច្បាប់ការងារ ឆ្នាំ១៩៩២ បានរៀបចំឡើងដោយនាយកដ្ឋាន​បៀវត្សពលកម្ម នៃក្រសួងផែនការ មិនមែនដោយក្រសួងយុទ្ធជនពិការ និងសង្គម​កិច្ចទេ និង​ត្រូវ​បាន​រដ្ឋសភាអនុម័ត​​នៅថ្ងៃទី១១ ខែសីហា ឆ្នាំ​១៩៩២ និងបានប្រកាសឱ្យ​ប្រើ​តាមក្រឹត្យ​លេខ៩៩ ក្រ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩២។

  • ក្រសួងការងារ និង​សង្គមកិច្ច​ ដែល​បានបង្កើតឡើងនាពេល​នោះ មាន លោក ដូ សូហាន់ ជារដ្ឋមន្ត្រី ដែលត្រូវតែង​​តាំ​ង​ដោយ​ក្រឹត្យលេខ ៦០ ក្រ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ​១៩៩២ និង​ក្រោយមកមាន​​​ការ​​តែងតាំង លោក ស៊ុយ សែម ពីអនុរដ្ឋមន្ត្រី ក្រសួង​ផែនការ មកជាអនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​សង្គមកិច្ច តាមក្រឹត្យលេខ ៩៦ ក្រ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ​១៩៩២។​

  • ការ​រៀបចំ និងការ​ប្រព្រឹត្តទៅ​នៃ​ទីស្តីការ​ក្រសួង​ការងារ និង​សង្គមកិច្ច ត្រូវ​​កំណត់​ដោយ​អនុក្រឹត្យ​លេខ៤ អនក្រ. ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ​១៩៩៣។

 ៥.

 ដំណាក់កាលចាប់ពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន

 
  • នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ការបោះឆ្នោតក្រោមការចាត់ចែងដោយ អ៊ុន តាក់ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។ នៅក្រោយការបោះឆ្នោតនេះ រដ្ឋាភិបាលជាតិបណ្តោះអាសន្ននៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៣ តាមក្រឹត្យចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៣។

  • ការតែងតាំងសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា បានទទួលសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៣ ហើយត្រូវបានតែងតាំងជាផ្លូវការតាម ព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយដំណាក់កាលនោះ ក្រសួងសង្គមកិច្ច និងការងារ ត្រូវបានច្របាច់បញ្ចូលជាមួយក្រសួងអតីតយុទ្ធជន ដែលមានក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ថ្ងៃទី១ ខែកក្កដា មកជា ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ដែលក្រសួងនេះត្រូវដឹកនាំដោយរដ្ឋលេខាធិការមួយរូប។

  • ច្បាប់ការងារឆ្នាំ១៩៩២ ព្រមទាំងឯកសារផ្សេងៗស្តីពីការងារ ត្រូវបានក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន យកមកធ្វើជាមូលដ្ឋាន ដើម្បីកែលម្អសារជាថ្មីឱ្យស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយមានការជួយឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ (ILO) ជំនាញការក្រសួងការងារបារាំង វិទ្យាស្ថានការងារសេរីអាម៉េរិកអាស៊ី (AAPLI) ហើយបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ក្រោមចំណងជើងថា «ច្បាប់ស្តីពីការងារ»។

  • ក្នុងឆ្នាំ១៩៩៦ ទើបមានព្រះរាជក្រមលេខ នស/រកម/០១៩៦/១៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន និងមានអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។

  • ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ សមាសភាពរាជរដ្ឋាភិបាលថ្មី ត្រូវបានតែងតាំងតាមព្រះរាជក្រម លេខ នស/រកម/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ត្រូវបានប្តូរឈ្មោះ និងបង្កើតទៅជា ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

  • រហូតដល់ឆ្នាំ១៩៩៩ ទើបមានច្បាប់បង្កើតក្រសួងនេះ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៦ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យសង្គមកិច្ច វិស័យការងារ វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទានៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯវិស័យអតីតយុទ្ធជន ត្រូវបានបញ្ចូលទៅក្នុងអតីតក្រសួងកិច្ចការនារី ដោយបានប្តូរ និងបង្កើតជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជនវិញ។

  • ក្រោយការបង្កើតក្រសួងនេះ រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៨ បានផ្ទេរទីស្តីការ រួមទាំងចលនទ្រព្យ និងអចលនទ្រព្យនៃអតីតក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។ ក្របខណ្ឌមន្ត្រីរាជការ ក៏ត្រូវបានផ្ទេរមកក្រសួងបង្កើតថ្មីនេះដែរ លើកលែងតែក្របខណ្ឌមន្ត្រីរាជការនៃ នាយកដ្ឋានសោធន អតីតយុទ្ធជន និងនាយកដ្ឋានអភិវឌ្ឍន៍អតីតយុទ្ធជន ព្រមទាំងក្របខណ្ឌមន្ត្រីរាជការនៅអង្គភាពមូលដ្ឋាន ដែលបម្រើការងារវិស័យអតីតយុទ្ធជនរបស់អតីតក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន ដែលត្រូវផ្ទេរទៅក្រសួងកិច្ចការនារី និងអតីតយុទ្ធជនដែលបានបង្កើតថ្មីវិញ។ រហូតដល់ឆ្នាំ១៩៩៩ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងក៏ត្រូវបានរៀបចំ តាមអនុក្រឹត្យលេខ៨៧ អនក្រ.បក ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

  • នៅឆ្នាំ២០០៥ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ក៏ត្រូវបានកែសម្រួល និងបង្កើតទៅជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតនូវក្រសួងថ្មីនេះ គឺដោយផ្អែកលើមូលដ្ឋាន នៃការកាត់យកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យដើរស្របតាមដំណើរវិវដ្ដនៃសង្គម និងសេដ្ឋកិច្ចជាតិនាពេលនោះ។

  • រចនាសម្ព័ន្ធថ្មីរបស់ក្រសួងត្រូវបានរៀបចំចំនួនពីរដង គឺលើកទីមួយតាមរយៈ អនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសបន្តបន្ទាប់យោងតាមអនុក្រឹត្យនេះ។

  • នៅឆ្នាំ២០១៤ រចនាសម្ព័ន្ធក្រសួងក៏ត្រូវបានកែសម្រួលបន្ថែមទៀត តាមអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសបន្តបន្ទាប់សម្រាប់អនុវត្តអនុក្រឹត្យនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចដូចតទៅ៖

    • អនុវត្តច្បាប់ស្តីពីការងារ សំដៅធានា កែលម្អអនាម័យនិងសន្តិសុខការងារ សុខភាព កម្មករនិយោជិត និងលក្ខខណ្ឌធ្វើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន

    • ធ្វើអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីរដ្ឋបាលការងារ

    • តាមដានអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធទៅនឹងបទដ្ឋានការងារ លក្ខខណ្ឌការងារ អនាម័យ និងសន្តិសុខការងារ និងការការពារសុខភាពកម្មករនិយោជិត

    • ដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដំណើរការបេឡាជាតិរបបសន្តិសុខសង្គម

    • អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិដែល ពាក់ព័ន្ធនឹងពលកម្មកុមារ

    • សិក្សានិងរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ដើម្បីធ្វើការបូកសរុបសេចក្តីត្រូវការនៃទីផ្សារការងារ

    • តាក់តែងនិងអភិវឌ្ឍគោលនយោបាយស្តីពីមុខរបរ ដោយឈរលើនយោបាយជាតិសម្រាប់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ

    • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។


ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.