ក្នុងនាមជាប្រធាននៃគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបាន ផ្តល់សច្ចាប័ន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងបន្តជម្រុញការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិ នៃការបង្កើតសមាគមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងតំណាងអយ្យការអមសាលាដំបូងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំបានពិនិត្យនិងពិភាក្សានូវវឌ្ឍនភាពការងារ នឹងដាក់ចេញនូវទិសដៅមួយចំនួន សំដៅធានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តនូវអនុសាសន៍មួយចំនួនរបស់អង្គការអន្តរជាតិខាងការងារ ដែលពាក់ព័ន្ធដល់ករណីមួយចំនួន ដែលត្រូវបន្តតាមដាន ស៊ើបអង្កេតករណីបណ្តឹង ការប្រមូលព័ត៌មាន ភស្តុតាង និងការបន្តអនុវត្តវិធានការបន្ថែមទៀត សំដៅឱ្យមានអនុលោមភាពតាមអនុសញ្ញាលេខ ៨៧ ដែលជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាហ៊ានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងាររហូតដល់ចំនួន ១៣ អនុសញ្ញា រួមទាំងអនុសញ្ញាស្នូល៨ ផងដែរ។ ជាលទ្ធផលកិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការខិតខំចូលរួមចំណែករបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលធ្វើឱ្យមានវឌ្ឍនភាពនូវកិច្ចការជាច្រើន បើទោះជាមិនទាន់អាចដោះស្រាយបាន ក៏តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ បេ្តជ្ញាចូលរួមជំរុញការងារទាំងនេះ បន្តទៀតរហូតដល់អាចទទួលបានលទ្ធផលថ្មីជាបន្តបន្ទាប់។