(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធដែលមានសមាសភាព មកពីតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងនិយោជក អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ប្រមាណ ៦០រូប បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពិគ្រោះយោបល់ ចែករំលែក និង ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធអនឡាញ(Zoom) នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសហការរៀបចំដោយ អង្គការអន្តរជាតិខាងការងារ, អង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ, និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។
កម្មវិធីនេះ មានគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១).ពង្រឹងក្របខណ្ឌច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិទាក់ទងនឹងទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារ និងបទដ្ឋានការងារ ដោយផ្ដោតការយកចិត្តទុកដាក់លើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រនៅអាស៊ីអាគ្នេយ៍, ២).ការពារសិទ្ធិការងារ និងលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសន្តិសុខសម្រាប់ពលករទេសន្តរប្រវេសន៍គ្រប់រូប ចាប់តាំងពីការជ្រើសរើសរហូតដល់ការធ្វើមាតុភូមិនិវត្ត, និង៣).ផ្ដល់ការគាំទ្រដល់ពលករទេសន្តរប្រវេសន៍ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេដើម្បីលើកកម្ពស់ និងប្រើប្រាស់សិទ្ធិរបស់ពួកគេ។
សិក្ខាសាលាពិគ្រោះថ្នាក់ជាតិស្ដីពី កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ បានទទួលលទ្ធផល រួមមាន៖
១. បង្ហាញកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ទៅត្រីភាគី និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
២. ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើផែនការសកម្មភាពឆ្នាំ២០២១។
៣. ពិភាក្សាអំពីការបង្កើត និងចងក្រងគណៈកម្មការប្រឹក្សាកម្មវិធីថ្នាក់ជាតិ។