(កំពត)៖ ការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) បានផ្តល់នូវចំណេះដឹងស្តីពីសុខភាព និងសុវត្ថិភាពការងារដល់អ្នកធ្វើការនៅការដ្ឋានសំណង់ផង និងសំដៅចូលរួមកាត់បន្ថយនូវហានិភ័យនៃគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ព្រមទាំងបានលើកកម្ពស់លក្ខខណ្ឌសុខភាព និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង។
នេះជាការលើកឡើងរបស់ ឯកឧត្តមទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៅក្នុងវគ្គបណ្តុះបណ្តាល លើការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការរៀបចំរបស់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាង ការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត។
ឧត្តមទន្តបណ្ឌិត ឡេង តុង បានមានប្រសាសន៍ស្នើឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ខ្ពស់លើវគ្គបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់នេះ ក៏ដូចជាមើលលើការកែលម្អការងាររបស់ខ្លួននៅតាមការដ្ឋាននានា។ ទន្ទឹមនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុនដែលលបានផ្តល់ថវិកាតាមរយៈរដ្ឋាភិបាលជប៉ុន ឧបត្ថម្ភដល់កម្មវិធីនេះផងដែរ។
លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងពីតម្រូវការនៃជំនាញរបស់កម្មករ និងស្តង់ដាសុខភាព និងសុវត្ថិភាពដែលអ្នកវិនិយោគ និងអ្នកសាងសង់ កំពុងចង់បានយ៉ាងផុសផុលក្នុងវិស័យសំណង់នេះ។ លោកក៏បានលើកឡើងបន្ថែមទាក់ទងនឹងការជួយជ្រោមជ្រែងរបស់មន្ត្រីទាំងអស់នៃមន្ទីរការងារខេត្តកំពតដែលបានយកចិត្តទុកដាក់លើការងារនេះ និងលើកយកមេរៀននេះមកផ្សព្វផ្សាយចែករំលែកបន្តដល់អ្នកធ្វើការនៅការដ្ឋានផ្ទាល់។
លោកស្រី ប៉ោ ជួង មន្ត្រីសម្របសម្រួលគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានពេទ្យការងារ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត ដែលបានសហការ រៀបចំនូវវគ្គបំប៉ននេះឡើង៕