(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ(ILO) សមាគមនិយោជក សហជីព និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីពិសារអាហារពេលល្ងាច ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ នៅសណ្ឋាគារ សុខាភ្នំពេញ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះ ភាគីកម្មករនិយោជិត និងភាគីនិយោជក ដែលកន្លងមក តែងតែបានចូលរួមយ៉ាងសកម្មក្នុងយន្តការត្រីភាគីនានា សំដៅធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវីជ្ជាជីវៈនៅកម្ពុជា។ ជាមួយគ្នានេះ អង្គការអន្តរជាតិខាងការងារគឺជាដៃគូកិច្ចសហប្រតិបត្តិការដ៏ល្អដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់ទុកកម្មវិធីពិសារអាហារនាពេលនេះ ជាកម្មវិធីនៃការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់យើងទាំងអស់គ្នា និងសូមទទួលបាននូវអារម្មណ៍រីករាយ អនុស្សាវរីយ៍ល្អៗ និងមិនអាចបំភ្លេចបានអំពីកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការ ILO, សមាគមនិយោជក សហជីព និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី និងសកម្មភាពសំខាន់ៗ ដូចជា៖
- ពិធីអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
- Fun Run ចំនួន ២លើក គឺនៅមុខព្រះបរមរាជវាំង និងនៅសៀមរាប អង្គរ
- កិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិ ស្តីពី ”អនាគតនៃការងារសម្រាប់ប្រទេសកម្ពុជា”
- វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្តីពីសហជីព និងនីតិវិធីនៃការដោះស្រាយវិវាទការងារ” សម្រាប់មន្ត្រីទទួលបន្ទុកការដោះស្រាយវិវាទការងារនិងចុះបញ្ជីអង្គការវិជ្ជាជីវៈ និងសហជីព
- សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីព”
- វគ្គបណ្តុះបណ្តាលស្តីពីច្បាប់សហជីព និងនីតិវិធីនៃការដោះស្រាយ វិវាទការងារ សម្រាប់មន្ត្រី
- វគ្គបណ្តុះបណ្តាលផ្នែកច្បាប់វគ្គទី១ ដល់តំណាងសហជីព
- វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី” ចំនួន ៥វគ្គ
- ទិវាជាតិស្ដីពីសុវត្ថិភាព និងសុខភាពការងារ៕