(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងជូន លោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះស្នាដៃការងាររបស់ លោក Scott Schlossberg ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងក្រសួង និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ជំនួសមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរឱ្យលោក Scott Schlossberg ជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យក្នុងតួនាទីភារកិច្ចថ្មី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះ លោក Johnathan Adams ដែលទទួលបានការតែងតាំងជាមន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ជំនួស លោក Scott Schlossberg។ ក្នុងអាណត្តិការងាររបស់ លោក Johnathan Adams ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតអាមេរិក នឹងនៅតែបន្តរក្សាបាននូវភាពល្អប្រសើរ៕