(ហ្សឺណែវ)៖ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី Tomoko NISHIMOTO នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ ILO បានបង្ហាញឆន្ទៈនៅតែបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការ ILO ទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម អ៉ិត សំហេង បានជម្រាបជូនថា ការប្រារព្ធទិវាខួប១០០ឆ្នាំ នៃភ្នាក់ងារឯកទេសខាងការងាររបស់អង្គការសហប្រជាជាតិ ជាការឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់អង្គការ ILO ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងបង្កើតឱកាសការងារសម្រាប់ជនគ្រប់រូប នាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនក្នុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំ របស់អង្គការ ILO ដែលវាក៏ស្របគ្នានឹងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការ ILO ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗកន្លងទៅផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនលោកស្រី Tomoko NISHIMOTO នូវស្ថានភាពទូទៅអំពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកន្លងមក ទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់ ហើយកម្ពុជានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ក្នុងការបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវផែនទីបង្ហាញផ្លូវរបស់ ILO និងផែនការសកម្មភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព។
លោកស្រី Tomoko NISHIMOTO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងកោតសរសើរចំពោះការរៀបចំខួបរបស់អង្គការ ILO នៅកម្ពុជាបានល្អប្រសើរ។ នាយកអង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បង្ហាញឆន្ទៈនៅតែបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបង្ហាញសាធារណជនឱ្យបានដឹងអំពីភាពវិជ្ជមាន នៃកិច្ចសហការគ្នាប្រកបដោយនិរន្តរភាព៕