ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ ២០១៨ ដែលបាននាំមកនូវឱកាសការងារប្រមាណ១ពាន់កន្លែងសម្រាប់យុវជន អ្នកស្វែងរកការងារនៅក្នុងខេត្តបាត់ដំបងនោះ ត្រូវបានបើកសម្ពោធហើយនាព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព លោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង លោកស្រី Saara Lehmuskoski នាយកប្រចាំប្រទេសនៃអង្គការ Finn Church Aid និងលោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ នៅវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖”ពិព័រណ៍ការងារនេះជាផ្នែកមួយនៃការលើកកម្ពស់ទីផ្សារការងារក្នុងខេត្ត ដើម្បីយុវជនទទួលបានការងារកាន់តែងាយស្រួល និយោជកជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់វិស័យនានា ក៏ដូចជាចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានរបស់ប្រពលរដ្ឋទៅក្រៅប្រទេស។”
ពិព័រណ៍ការងារនេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំសម្រាប់ខេត្តបាត់ដំបង ដែលត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ខេត្តបាត់ដំបង និងក្រោមការគាំទ្រដោយអង្គការ Finn Church Aid ដោយមានមន្ទីរ ស្ថាប័ន ក្រុមហ៊ុន អង្គការសង្គមស៊ីវីល និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួន ៥៥ ចូលរួមតាំងបង្ហាញ ដែលនឹងអាចទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ៤.០០០នាក់។ ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទូទៅ អាចចូលរួមទស្សនាការតាំងពិព័រណ៍ការងារដោយសេរី ដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា និងថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ៦:០០ ល្ងាច ដើម្បីដាក់ពាក្យស្វែងរកការងារ ស្វែងយល់អំពីទីផ្សារការងារ និងទទួលបានការចែករំលែកបទពិសោធន៍នៅក្នុងសិក្ខាសាលាពីសំណាក់វាគ្មិនល្បីៗ និងកុំភ្លេចយក CV មកជាមួយផង។ ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬគេហទំព័រ pcf.nea.gov.kh/bb។