ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញបើកសិក្ខាសាលាជាមួយអ្នកពាកើព័ន្ធ ស្តីពីយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP), GIZ, ILO-BFC និងអង្គការ ACILS ព្រមទាំងការគាំទ្រពីអ្នកបញ្ជាទិញធំៗមួយចំនួន និងភាគីពាក់ព័ន្ធ ក្នុងនោះក៏មានបេឡាជាតិរបបសន្តិសុខសង្គម ដែលតែងតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកម្មករនិយោជិត និងការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីធានាបាននូវសុវត្ថិភាពធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ប.ស.ស បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅឆ្នាំ២០១៣ ដែលសម្រេចបាននូវការងារមួយចំនួនដូចខាងក្រោម៖
- បានចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
- បានចុះបណ្ដុះបណ្ដាល និងបំប៉នសម្រាប់ត្រៀមប្រឡងយកបណ្ណបើកបរចំនួន
- បានចុះប្រឡងយកបណ្ណបើកបរ
- ចុះបណ្តុះបណ្តាលគ្រូបង្គោលផ្នែកសុវត្ថិភាពចរាចរណ៍
- ចុះបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម
- បានចុះបំពាក់បដាពាក្យស្លោកនៅតាមរោងចក្រ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើសារ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករកម្មការិនី និងអ្នកបើកបរដឹកកម្មករដែលធ្វើដំណើរតាមដងផ្លូវនានាទូទាំងប្រទេស សូមមេត្តាចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ, ពិនិត្យបច្ចេកទេសយានយន្តមុនពេលចេញដំណើរ, ពេលធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ទាំងអ្នកនៅខាងមុខ និងអ្នកនៅខាងក្រោយ, ពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយ, កុំបើកបរលើសល្បឿនកំណត់, ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ កុំវ៉ា កុំជែងដោយប្រថុយប្រថានក្នុងស្ថានភាពគ្រោះថ្នាក់ និងដឹកលើសទម្ងន់។ ម្យ៉ាងវិញទៀតខ្ញុំសូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នជាតិទាំងអស់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន រួមទាំង សហជីពតំណាងកម្មករនិយាជិត និងតំណាងនិយោជក ព្រមទាំងអ្នកបញ្ជាទិញផងដែរ មេត្តាចូលរួមបន្តយកចិត្តទុកដាក់ និងបន្តផ្តល់កិច្ចសហប្រត្តិការ និងផ្តល់អនុសាសន៍បន្ថែមទៀត ទៅលើ "យុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់ គាំពារកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង" នៅក្នុងសិក្ខាសិលាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យយុទ្ធសាស្រ្តនេះ កាន់តែមានភាពល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយអាចឆ្លើយតបនឹងបញ្ហាដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថានៅក្នុងខ្លឹមសារក្នុងសេចក្តីព្រាងយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតនៅវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នេះផ្តោតសំខាន់លើយុទ្ធសាស្រ្ត ៤ចំណុច រួមមាន ទី១៖ ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងគណនេយ្យភាព ទី២៖ បង្កើនសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការ ទី៣៖ បង្កើនសុវត្ថិភាពយានជំនិះ និងមធ្យោបាយធ្វើដំណើរ និង ទី៤៖ បង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ៕