(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ ដែលបញ្ជាក់ឱ្យឃើញនូវការរួបរួមយ៉ាងសកម្មពីសហជីព សហព័ន្ធសហជីព និងដៃគូពាក់ព័ន្ធផ្សេងៗដើម្បីជំរុញការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
ការលើកឡើងបែបនេះក្នុងពេលដែលឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងសមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ ឆ្នាំ២០២៤-២០២៧ ដែលរៀបចំធ្វើនៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងប្រធានសហជីព តំណាងអង្គការវិជ្ជាជីវៈនានាផងដែរ។
ថ្លែងនៅក្នុងសមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ឯកឧត្តមរដ្ឋលេខាធិការបានជំរុញថ្នាក់ដឹកនាំសហជីព សហព័ន្ធសហជីព និងដៃគូរទាំងអស់ ខិតខំបន្តទៀតក្នុងកិច្ចសហការ និងការបង្រួបបង្រួមគ្នាឱ្យបានទ្រង់ទ្រាយកាន់តែធំ មានសមាជិកកាន់តែច្រើន មានកម្លាំងខ្លាំងពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់ក្នុងភាពជាតំណាងឱ្យឆន្ទៈជាក់ស្តែងរបស់បងប្អូនកម្មករនិយោជិតទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
ឯកឧត្តម ងុយ រិទ្ធ ក៏បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំសហភាពសហព័ន្ធសហជីពជាតិកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិនិយោគិនជាតិ និងអន្តរជាតិឱ្យមានទំនុកចិត្តកាន់តែមុតមាំ ដើម្បីសម្រេចចិត្តក្នុងការបណ្កាក់ទុនវិនិយោគថ្មី ឬការបន្ថែមទុនវិនិយោគលើគម្រោងដែលមានស្រាប់នៅកម្ពុជា។ សកម្មភាពទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ការបង្កើនការងារ និងប្រាក់ចំណូលដល់ពលរដ្ឋ ព្រមទាំងអត្ថប្រយោជន៍ប្រយោលក្នុងការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការមើលឃើញថា សមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ ពិតជាបានបង្ហាញឱ្យឃើញច្បាស់នូវការរួបរួមគ្នារបស់សហជីព និងការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសហជីព និងសហភាពសហជីព និងសមាជិក សមាជិកាចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទី១. ផ្សព្វផ្សាយ និងជំរុញសមាជិក សមាជិការបស់ខ្លួន និងសាច់ញាតិរបស់ពួកគាត់ដើម្បីមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ទី២. បន្តចូលរួមជាមួយក្រសួងដើម្បីជំរុញឱ្យគ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវចុះបញ្ជី ប.ស.ស.។ ទី៣. ចូលរួមផ្សព្វផ្សាយអំពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការយកលុយជាថ្នូរនឹងការទទួលបានការងារធ្វើជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព ចូលរួមសហការគ្នាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន៕
#MLVT #HENGSour