នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ក្រោមការដឹកនាំ ឯកឧត្តម ហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ។
ក្រុមការងារបច្ចេកទេសបានបន្តកិច្ចពិភាក្សាលើការអនុវត្តគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីការលើកកម្ពស់កម្រិតជីវភាពរស់នៅ ក៏ដូចជាដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត រួមមានការតបណ្តាញទឹកស្អាត និងអគ្គិសនីរដ្ឋដែលមានតម្លៃទាប ឱ្យដល់ទីកន្លែងស្នាក់នៅ ក៏ដូចជាការពង្រឹងការអនុវត្តការទូទាត់ថ្លៃភ្លើង និងទឹករដ្ឋពីម្ចាស់ផ្ទះជួល។
ក្រុមការងារបច្ចេកទេសក៏បានជជែកពិភាក្សាផងដែរអំពី កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះនានា ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវបរិយាកាសវិនិយោគល្អជូនភាគីនិយោជក។ ជាលទ្ធផល តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិតបានបង្ខិតតួលេខទៅតាមគោលជំហររបស់ខ្លួនអាចទទួលយកបាន។
ក្នុងនោះភាគីនិយោជកក៏បានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនទៅភាគីរាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ថយបន្ទុកចំណាយរបស់ខ្លួន។ ឯកឧត្តមប្រធានអង្គប្រជុំបានសំណូមពរដល់ភាគីទាំងអស់ពិចារណាអោយបានល្អិតល្អន់ ទៅលើតួលេខដែលបានលើកឡើងហើយនៅតែមិនទាន់មានការឯកភាពជាឯកច្ឆ័ន ដូច្នេះឯកឧត្តមប្រធានបានទុកឱកាសសម្រាប់ភាគីនីមួយៗធ្វើការពិភាក្សាផ្ទៃក្នុងម្តងទៀត មុននឹងយកមកពិភាក្សាបន្តនៅក្នុងក្រុមការងារបច្ចេកទេសនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ ជាលើកចុងក្រោយ មុនឈានទៅដល់ការប្រជុំសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ៕