(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាន កម្មវិធី DEY បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពី តំណាងជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង តំណាងយុវជន។
កម្មវិធីនេះរៀបចំឡើងជាពីរផ្នែក ដោយផ្នែកទី១ជាដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលកម្មវិធី DEY នៅតាមគ្រឹះស្ថាន TVET ដែលជាដៃគូកម្មវិធី និងនៅតាមក្រុមហ៊ុន ដែលសិស្សនិស្សិតជាអ្នកទទួលផលពីកម្មវិធី និងផ្នែកទី២ ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធី DEY។
កិច្ចប្រជុំលើកទី៣ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន ៣៖
- ឆ្លុះបញ្ចាំងពីលទ្ធផលនៃកម្មវិធីក្នុងរយៈពេលពីរឆ្នាំដំបូងនៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក
- ពិនិត្យ និងអនុម័តផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំ២០២២
- ពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការទទួលបានការចូលរួមចំណែកឱ្យបានកាន់តែច្រើនពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សម្រាប់និរន្តរភាពនៃកម្មវិធី។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អុិត សំហេង បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងមួយនេះនៅតែអាចបន្តដំណើរការអនុវត្តសកម្មភាពរបស់ខ្លួនទៅមុខជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បន្តទៀតថានៅក្នុងអំឡុងពេលពីរឆ្នាំនៃការអនុវត្តកម្មវិធី DEY ដំណាក់កាលទី២ នេះដែរ យើងក៏បានកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជនឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាកាតាលីករជំរុញឱ្យយុវជនមានលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។
ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នេះ គណៈប្រឹក្សាភិបាលបានសម្រេច៖
- ឯកភាពកំណត់ដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តកម្មវិធី
- អនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីគាំទ្រដល់ពួកគេក្នុងការជំនះទៅនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអំឡុងពេលការរីករាលត្បាតនៃជំងឺកូវីដ-១៩ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩
- កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់និរន្តរភាពនៃកម្មវិធី
- ពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរយៈពេលមួយថ្ងៃកន្លះមកនេះ បានបង្ហាញភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយ ក៏ដូចជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងាររបស់យុវជនផងដែរ៕