នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូ ជួបប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងសមាជិកគណៈកម្មការ ដើម្បីធ្វើរបាយការណ៍សង្ខេបទាក់ទងនិងវឌ្ឍនភាព បញ្ហាប្រឈមក្នុងដំណាក់កាលកូវីដ-១៩ និងទិសដៅបន្តឆ្នាំ២០២១ ដោយបានផ្តោតទៅលើលទ្ធផលដែលក្រសួងខិតខំសម្រេចបានសំដៅធានាចូលរួមដោះស្រាយសម្រួលដល់ការលំបាកទាំងមា្ចស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស។
ជាលទ្ធផលក្រសួងបានខិតខំសម្រេចបាននូវលទ្ធផលគួរជាទីមោនទន ដែលទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈកម្មការទី៨ នៃរដ្ឋសភា ដែលក្រសួងបានចូលរួមធានាបាននូវការសម្រួលដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានាបាននូវការងារជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើក្នុងអត្រាទាបបំផុត ហើយអាចរក្សាបានលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ដោយបានខិតខំអនុវត្តបានជោគជ័យនូវកញ្ចប់វិធានការទាំង ៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួយសង្គមដល់កម្មករនិយោជិត ក្នុងគោលបំណង (១) ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត, (២) ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងងាយរងគ្រោះ, និង (៣) ជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិ ដោយក្នុងនោះ៖
- បានបើកផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និង
វិស័យទេសចរណ៍ចំនួន ៣៤០ ០៣២នាក់ ដែលស្មើនឹងថវិកា ៩៥ប៊ីលានរៀល (ប្រមាណជា ២៣លានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលដែលរោងចក្រ សហគ្រាសផ្អាកសកម្មភាពអាជីវកម្ម និងព្យួរកិច្ចសន្យាការងារ
- បានរៀបចំការបណ្តុះបណ្តាលជំនាញទន់ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កម្មករនិយោជិតសរុបចំនួន ៦៦ ៦០៧នាក់ (ស្រី ៥៣ ៦១០នាក់) មកពីរោងចក្រ សហគ្រាសចំនួន ១០៧
- បានផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំ
សុខភាព ដល់កម្មករនិយោជិតចំនួនប្រមាណជា ៣៨ម៉ឺននាក់ បើទោះបីជានិយោជកមិនបានបង់ភាគទានជូន ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មក៏ដោយ
- បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលពិសេសថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ សម្រាប់រយៈពេល ៤ខែ ដល់កម្មករនិយោជិតដែលបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួន ៦ ៥០០នាក់ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់កម្មករនិយោជិតដែលត្រូវបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
- ប្រជាពលរដ្ឋចំនួនប្រមាណជា ២,៧លាននាក់ នៃគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៧៤ ១៤៦គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលចំណាយថវិកាសរុបចំនួនប្រមាណជា ១៣៥,៥លានដុល្លារអាម៉េរិក។
បើតាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។
ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣ ៦៨២នាក់ ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារ។
ទន្ទឹមនឹងនេះ ឆ្នាំ២០២០ មានសហគ្រាសចំនួន ១ ៣៥៦ បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨ ៨២៥នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាស ចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ៨៥ ៨៨៩នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ។ ក្នុងរយៈពេលដូចគ្នានេះ រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១ ២៥៧នាក់ ផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២,៣លាននាក់ តាមរយៈវេទិកាការងារ សេវាទូរសព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារ។