(ភ្នំពេញ)៖ បញ្ហាសុខភាព និងសុវត្ថិភាពការងារនៅតែជាបញ្ហាចំបង និងជាអាទិភាពសម្រាប់គ្រប់ភាគី ដោយសារវាប៉ះពាល់នឹងកម្លាំងពលកម្ម គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលស្តីពី “ ការកែលម្អរបៀបធ្វើការ នៅតាមការដ្ឋានសំណង់ខ្នាតតូច” ដល់គ្រូបង្គោលនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ។
នាឱកាសនោះ ឯកឧត្តម ទន្តបណ្ឌិត ឡេង តុង បានកោតសរសើរដល់ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ដែលបានខិតខំបន្តបេសកកម្មរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់កម្មករដែលជាសមាជិក សមាជិការបស់ខ្លួន។ ឯកឧត្តមអះអាងថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ នៅតែបន្តកិច្ចសហការជាមួយគម្រោង ភាគីនិយោជក និងភាគីសហជីព ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអរគុណដល់ប្រជាជនជប៉ុនតាមរយៈរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភ ដល់ការងារសុខភាព និងសុវត្ថិភាពក្នុងវិស័យសំណង់នេះ»។
ក្នុងកាលៈទេស:ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបាននឹងកំពុងឆ្លើយតបនឹងជំងឺកូវីដ-១៩ ឯកឧត្តម ទន្តបណ្ឌិត ក៏បានស្នើឲ្យសិក្ខាកាមទាំងអស់ ក៏ដូចជាអ្នករៀបចំកម្មវិធី សូមយកចិត្តទុកដាក់លើការការពារពីជំងឺ កូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ថា វគ្គបំប៉ននេះ បានទទួលការឧបត្ថម្ភបច្ចេកទេស និងថវិកា ពីគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និង សុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃ អង្គការអន្តរជាតិខាងការងារ(ILO) តាមរយៈមូលនិធិរាជរដ្ឋាភិបាលជប៉ុន (ILO/Japan OSH Project)។ វគ្គបំប៉ននេះ ក៏មានគោលបំណងរំលឹកឡើងវិញនូវមេរៀន ដែលបានបណ្តុះបណ្តាល និងបន្ថែមនូវធាតុចូលថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពរបស់មន្ត្រីសហជីពលើវិធាន សុខភាព និងសុវត្ថិភាពការងារដល់កម្មករសំណង់ នៅតាមការដ្ឋានសំណង់៕