(កំពង់ស្ពឺ)៖ កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារចំនួន៤៥០០នាក់ នៅក្រុមហ៊ុន ស៊ីគ្លូ(ខេមបូឌា)ឯ.ក., ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានវគ្គបណ្តុះបណ្តាលជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលពីរថ្ងៃ សម្រាប់ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២០។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។
ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖
១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ
២.ការបំពេញការងារជាក្រុម
៣.មូលដ្ឋានច្បាប់ស្ដីពីការងារ
៤.នីតិវិធីដោះស្រាយវិវាទការងារ
៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត
៦.អត្ថប្រយោជន៍ ប.ស.ស
៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19
អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលនា ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់បងប្អូនកម្មករ និយោជិត ដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ខិតខំត្រងត្រាប់ស្ដាប់ការបកស្រាយរបស់មន្រ្ដីជំនាញរបស់ក្រសួង ក៏ដូចជាលោកគ្រូអ្នកគ្រូដែលនឹងបង្រៀននាពេលនេះ។
ឯកឧត្តម មានប្រសាសន៍លើកឡើងថា ការសិក្សារបស់យើង មានលក្ខណៈពិសេសដោយឡែក ព្រោះរបៀបរៀបចំការរៀននេះ ប្រើប្រាស់កន្លែងធ្វើការជាថ្នាក់រៀន ខុសពីបទដ្ឋានសិក្សាផ្សេងៗ។ សិស្សមានចំនួនច្រើន ដូច្នេះសូមបងប្អូនខិតខំត្រង់ត្រាប់ស្ដាប់ ដើម្បីទទួលបានចំណេះដឹងអំពី “ច្បាប់ស្ដីពីការងារ” “ជំនាញទន់” ពិសេសអំពី “វិធីការពារខ្លួនពីជំងឺCOVID-19”។
ជាកម្មករផ្នែកដេរមួយរូប ដែលបានចូលរួមវគ្គរៀនបណ្តុះបណ្តាលជំនាញទន់នេះ លោក ជាម សាវឿន បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ « ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ ព្រោះបានជួយអោយខ្ញុំយល់ដឹងកាន់តែច្បាស់អំពីការបំពេញការងារជាក្រុម ការថែរក្សាការងារ ការគ្រប់គ្រងចំណូល ការថែរក្សាសុខភាព អនាម័យ និងការកាពារខ្លួនពីមេរោគ កូវីដ-១៩ ទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ »។
ងាកទៅ ប្អូនស្រី ធី សំអឿន ជាកម្មការិនី ផ្នែកដេរប៉ាក់ បានលើកឡើងថា៖«វគ្គបណ្តុះបណ្តាលនេះបានធ្វើអោយខ្ញុំបានយល់អំពីអត្ថប្រយោជន៍របស់ប័ណ្ណ ប.ស.ស ដែលពីមុនខ្ញុំមិនធ្លាប់បានដឹងទាល់តែសោះ ហើយមួយទៀតនោះគឺសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការងារ និងវិធានអនាម័យបង្ការជំងឺកូវីដ-១៩ ផងដែរ»៕