(សៀមរាប)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Eve-Marie Mosseray លេខាប្រតិបត្តិនៃសមាគមផ្ដល់សេវាការងារសាធារណៈពិភពលោក (WAPES) ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ រវាងសមាគម និងទីភា្នក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវអំណរគុណជាថ្មីម្តងទៀត ដល់អនុប្រធាន ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សមាជិកក្រុមប្រឹក្សាភិបាល លេខាធិការប្រតិបត្តិ និងសមាជិករបស់ WAPES ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការសម្របសម្រួលជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំឱ្យមានសន្និសីទថ្នាក់តំបន់ដ៏មានសារៈប្រយោជន៍នេះឡើង ព្រមទាំងអរគុណ យ៉ាងជ្រាលជ្រៅដល់វាគ្មិនជាតិ និងអន្តរជាតិដែលបានចំណាយពេលដ៏មានតម្លៃដើម្បីចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ជោគជ័យ និងការអនុវត្តល្អនៅក្នុងសន្និសីទនេះ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រុញឱ្យសមាជិក WAPES បន្តជួយគាំទ្រដល់សេវាការងាររបស់កម្ពុជាឱ្យកាន់តែទទួលបានជោគជ័យ បន្ថែមទៀត។ នៅក្នុងជំនួបនេះដែរ លោកស្រី Eve-Marie Mosseray ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោកបានយ៉ាងល្អ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទនេះយ៉ាងកក់ក្តៅជាទីបំផុតផងដែរ។
ឯកឧត្តម អុិត សំហេង លើកឡើងថា ជាការពិតណាស់ ជោគជ័យដែលNEA សម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងលើនេះ មិនអាច កាត់ផ្តាច់បានពីការជួយគាំទ្រជ្រោមជ្រែងជាប្រចាំពីសំណាក់សមាជិក WAPES ក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី ជាពិសេស ប្រទេសកូរ៉េ ជប៉ុន និងស៊ុយអែត និងដៃគូរអភិវឌ្ឍន៍ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) ។
គួរបញ្ជាក់់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។
ឱកាសក្នុងការរៀបចំសន្និសីទនេះគឺជាវេទិកាដែលផ្តល់នូវកាលានុវត្តភាពក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិកដែលមានការអភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល ព្រមទាំងការបង្ហាញពីករណីសិក្សានៃការចាប់ផ្តើមស្រូបយកបច្ចេកវិទ្យាឌីជីថលចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជាកម្ពុជា៕