(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងត្រៀម រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុង ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម" ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នេះ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
គោលបំណងដ៏ចំបងរបស់សន្និសីទ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយពាក់ព័ន្ធនឹងការធ្វើ ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV ដូចតទៅ៖
លើកកម្ពស់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងប្រទេស CLMTV • ជំរុញឱ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាព នៃរបបសន្តិសុខសង្គម ពិភាក្សាឱ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយសម្រាប់ប្រទេស CLMTV ស្ដីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍។
តាមរយៈប្រធានបទនេះពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដូចជាក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥), យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣) ដែលបានផ្តល់ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករទេសន្តរប្រវេសន៍៕