(ភ្នំពេញ)៖ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីរាប់បាត្រដាក់បិណ្ឌ ក្នុងថ្ងៃកាន់បិណ្ឌទី១ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដែលបានមកពីការចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពីក្រុមគ្រួសារឯកឧត្តមផ្ទាល់ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត ដែលមានបច្ច័យសរុបចំនួន ១៩,៧២០ ០០០ រៀល។
ឯកឧត្តមរដ្ឋមន្រ្តី បានឧទ្ទិសនូវកុសលផលបុណ្យដែលបានរួបរួមគ្នាកសាងនៅថ្ងៃនេះ ជូនចំពោះបុព្វការីជន វីរៈជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងសូមដល់ដួងវិញ្ញក្ខន្តអស់លោកទាំងអស់បានឈោងឆាប់កំណេីតទៅកាន់ទីឋានបរមសុខ ហេីយបែរក្រោយអោយពរជ័យដល់យេីងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ សម្រាប់ឆ្នាំនេះ បុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ (បិណ្ឌ១) ដល់ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩៕