នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលធ្វើបដិសណ្ឋារកិច្ចផ្លូវការជូនដល់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជំនួបពិភាក្សាទ្វេរភាគីដើម្បីបន្តពង្រឹង-ពង្រីក នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួចមក ភាគីនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ ក្នុងនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង ក៏បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងសុខមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
គួរបញ្ជាក់ថា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារនាថ្ងៃនេះ ដែលស្របតាមស្មារតីនៃការព្រមព្រៀងកន្លងមក ជាពិសេសកិច្ចព្រមព្រៀងនៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ លើកទី១៣ (13" Meeting of Cambodia-Laos Joint Commission for Bilateral Cooperation-JCBC) នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក៕