(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ាន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រេីន។
នាឳកាសដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានទទួលគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលនេះជាមោទនភាពជាតិ សម្រាប់កម្ពុជានៅលេីឆាកអន្តរជាតិ។ គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរពប្រគល់ជូន ឯកឧត្តមបណ្ឌិត អុិត សំហេង ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជានាពេលកន្លងមក ព្រមទាំងឯកឧត្តមជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជាផងដែរ៕