នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានវាយគង ទូងស្គរ អបអរសាទរនៃការដាក់បញ្ចូល “ប្រសាទសំបូរព្រៃគុក” នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១របស់ខ្លួននៅក្នុងទីក្រុង krakow ប្រទេសប៉ូឡូញកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ។ បើយោងតាមឯកសារតំបន់ប្រាសាទសំបូរព្រៃគុក គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ។ ខេត្តនេះមានទីតាំងនៅចំចំណុចកណ្តាលនៃប្រទេសកម្ពុជា ហើយកំពង់ធំជាខេត្តមួយក្នុងចំណោទខេត្ត៥ ដែលព័ទ្ធជុំវិញបឹងទន្លេសាប និងសំបូរទៅដោយទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទដែលបន្សល់ទុកមុនសម័យអង្គរ។ ប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញធ្លាប់ជាអតីតរាជធានីឈ្មោះឥសានបុរៈ ជាក្រុងបុរាណមួយដែលមានប្រាសាទថ្មដុតប្រមាណជាង២០០ ។ ប្រាសាទនេះសាងសង់ក្នុងអំឡុងរជ្ជកាលព្រះបាទឦសានវរ្ម័ន នៅសតវត្សរ៍ទី៧ នៅពេលដែលទ្រង់ផ្សះផ្សាបានដោយជោគជ័យ រវាងចេនឡាគោក និងបូរណភាពទឹកដីខ្មែរ ដីទឹកនៃចេនឡាទឹក ។ សូមបញ្ជាក់ថានេះជាប្រាសាទទី៣ហើយ ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ។