ក្រុងអ៊ូស៊ី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Zhou Yaoting អភិបាលនៃក្រុមហ៊ុន Hodo នៅទីក្រុង Wuxi ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ។ អ្នកតំណាងក្រុមហ៊ុនបានបង្ហាញនូវការស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាពនៃការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ និងគោលដៅនៃការវិនិយោគបន្ថែម។ តំណាងក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណ និងស្នើឯកឧត្តមរដ្ឋមន្រ្តី បន្តជួយគាំទ្រឱ្យបានច្រើនបន្តទៀត។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់ការគាំទ្រ និងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរបស់កម្ពុជា និងគោលដៅវិនិយោគបន្ថែម ឱ្យបានចំនួន ៣៥០ក្រុមហ៊ុន និងជួយគាំទ្រអភិវឌ្ឍន៍វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាព កម្ពុជា-ចិន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាព វិនិយោគលើការផលិតសំបកកង់រថយន្តពីក្រុមហ៊ុន Hodo នៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នូវកំណើនយានយន្តដ៏ច្រើននៅក្នុងប្រទេសកម្ពុជា។ តបទៅនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមហ៊ុន Hodo បានដាក់ការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ដ៏ល្អនិងមានសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន Hodo បានយល់ឃើញថា ក្នុងបោះទុនវិនិយោគក្រៅប្រទេស កម្ពុជាគឺជាប្រទេសដំបូងគេដែលល្អ មានលក្ខណៈអំណោយផល បំផុតក្នុងការធ្វើការវិនិយោគ ដោយសារប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ មានធនធានគ្រប់គ្រាន់ មានលក្ខខណ្ឌល្អ ព្រមទាំងមានចំណងកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និតរវាង កម្ពុជា-ចិន។ គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺមានរយៈពេលយូរហើយនិងមានភាពជាបងប្អូន ហើយទំនាក់ទំនងនេះគឺមានតាំងពីថ្នាក់ដឹកនាំសម័យមុនរហូតមកដល់បច្ចុប្បន្ន ហើយបានបង្កើតឡើងជាពិសេសក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនេះហើយ ដែលបានជំរុញឱ្យអ្នកវិនិយោគចិន បានទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងនៅកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាក់ស្តែងក្រុមហ៊ុនចិននៅខេត្តជាងស៊ូ បានទៅវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានរោងចក្រចំនួនជាង ១០០ និងកម្មករប្រមាណជិត ២ ម៉ឺននាក់ និងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិត្តភាពកម្ពុជា ចិន ដែលកំពុងតែសាងសង់ជិតរួចរាល់នៅពេលខាងមុខ ក្នុងគោលបំណងជួយបណ្តុះបណ្តាលជំនាញនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ហើយការបណ្តុះបណ្តាលនេះ មានការទទួលស្គាល់សមត្ថភាព និងស្តង់ដារអប់រំពីវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi នៃខេត្តជាំងស៊ូ ដែលជាខេត្តដែលមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរបានយល់ព្រម ចុះអនុស្សារណៈយោគយល់គ្នារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi សំដៅផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីប្រែក្លាយទៅជាឧស្សាហកម្មដែលមានជំនាញខ្ពស់ និងប្រាក់ឈ្នួលខ្ពស់ ស្របតាមផែនការសកម្មភាពជាតិស្តីពីការអបរំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ។ ផ្តើមចេញពីចំណុចនេះធ្វើឱ្យការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ចិននៅកម្ពុជាកើនឡើងជាលំដាប់។ ភាគីកម្ពុជាបានអរគុណចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស៊ូ បានគាំទ្របង្កើតឱ្យមានការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះពីតំបន់វាលរហោឋាន ទៅជាតំបន់ឧស្សាហកម្ម ហើយនាពេលអនាគតភាគីទាំងពីរមានសុឆ្ឆន្ទៈប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យទៅជាទីក្រុងទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។ ហើយនាពេលថ្មីៗនេះ ក៏មានការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជើងហោះហើរនេះបានបង្ករលក្ខណៈងាយស្រួលមួយកំរិតទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតសង្ឃឹមថា តាមរយៈជើងហោះហើរនេះ នឹងមានភ្ញៀវទេសចរណ៍ចិនកើនឡើង ១លាននាក់ក្នុង១ឆ្នាំ ហើយឯកឧត្តមក៏បានអំពាវនាវឱ្យភាគីចិនជួយកៀងគរ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិន មកកម្ពុជាឱ្យកាន់តែច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Hodo គឺជាក្រុមហ៊ុនដ៏ធំប្រចាំនៅប្រទេសចិន ដែលមានប្រមាណ៥០០សាខាទូទាំងប្រទេសចិន ហើយក្រុមមានការប្រកបអាជីវកម្ម លើការកាត់ដេរសំលៀកបំពាក់ អចលនៈវត្ថុ ការផលិតសំបកកង់ ការផលិតឱសថ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនៅប្រទេសចិន និងនៅតាមបណ្តាលប្រទេសនានា។