នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាកិត្តិយសក្នុងពិធីខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ "ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព" នៅទីស្តីការក្រសួង។ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ប្រារព្ធឡើងក្រោមប្រធានបទ “ស្រ្តីដើម្បីសុខ សន្តិភាព និងវឌ្ឍនភាព” ក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ និងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្ដី ក៏ដូចជាសុខមាលភាពសង្គម។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់ និងផ្តល់កាលានុវត្តភាពឲ្យដល់មន្រ្តីនារីក្នុងក្រសួងនៅគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមធ្វើសេចក្តីសម្រេចលើកិច្ចការជាយុទ្ធសាស្រ្តទាំងឡាយរបស់ក្រសួង ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់មូលដ្ឋានរាជធានី-ខេត្ត ។ គិតដល់បច្ចុប្បន្នក្រសួង មានមន្រ្តីរាជការសរុបចំនួន ៤,០៤៥ នាក់ (ស្រី ៩៤៧ នាក់=២៣.៤១%) ថ្នាក់កណ្តាលសរុបចំនួន ២,៦០៣ នាក់ (ស្រី ៦០៦ នាក់=២៣.២៨%) ថ្នាក់ រាជធានី-ខេត្តសរុបចំនួន ១,៤៤២ នាក់ (ស្រី ៣៤១នាក់=២៣.៦៤%) ក្នុងនោះថ្នាក់ដឹកនាំជាស្រ្តី រួមមាន ៖ ថ្នាក់រដ្ឋលេខាធិការ /ថ្នាក់ស្មើចំនួន០២រូប ថ្នាក់អនុរដ្ឋលេខាធិការ/ថ្នាក់ស្មើចំនួន ០២រូប អគ្គនាយក/ថ្នាក់ស្នើ ចំនួន ០៣រូប អគ្គនាយករង/ថ្នាក់ស្មើ ចំនួន០៧ រូប ប្រធាននាយកដ្ឋាន/ថ្នាក់ស្មើចំនួន ០៨រូប អនុប្រធាននាយកដ្ឋាន/ថ្នាក់ស្មើ ៤០រូប អនុប្រធានមន្ទីរចំនួន ០៩រូប នាយកវិទ្យាស្ថានចំនួន ០២រូប នាយករងវិទ្យាស្ថាន ចំនួន ០៥ រូប ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មានគោលនយោបាយ និងយុទ្ធសាស្រ្តចែងច្បាស់ អំពីការលើកកម្ពស់សមភាពយេនឌ័រ និងអនុវត្តន៍ដោយគ្រប់ក្រសួង-ស្ថាប័ន ដើម្បីឱ្យស្រ្តីទទួលបានលទ្ធផល និងគ្រប់គ្រងធនធានរបស់ខ្លួន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមព្រមទាំងបានលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌របស់ប្រជាពលរដ្ឋដោយបានបង្កើតគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជាប្រធានកិត្តិយស ក្នុងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ រួមទាំងប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាយើង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់បញ្ជ្រាបយេនឌ័រទៅក្នុង “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ” ក្នុងចំនុចទី៦ នៃអភិបាលកិច្ចល្អ តាមរយៈគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ និងក្រុមការងារយេឌ័ររបស់ក្រសួង ដោយបានអនុវត្តនូវសកម្មភាពសំខាន់ៗ ក្នុងន័យលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ បានបង្កើនឱកាសការងារសមស្រប និងការងារដែលមានប្រាក់កម្រៃទាំងក្នុងស្រុក និងក្រៅស្រុកដល់ស្រ្តី ជាពិសេសស្ត្រីនៅតាមជនបទដោយផ្សព្វផ្សាយព័ត៌មាន ទីផ្សារការងារ សេវាពិគ្រោះយោបល់និងតម្រង់ទិសវិជ្ជាជីវៈដល់ស្ត្រីនៅលើទីផ្សារពលកម្ម ជាពិសេសស្ត្រីវ័យក្មេងនិងស្ត្រីជនបទ បង្កើនការចូលរួម របស់ស្ត្រីក្នុងការ អភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយផ្តោតជាពិសេសលើស្ត្រីក្រីក្រ ដែលងាយរងគ្រោះ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការបង្រៀននិងការធ្វើសេចក្តីសម្រេចក្នុងគ្រឹះស្ថានអប់រំ។ ក្រសួងក៏បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយសមភាពយេនឌ័រ និងយុវភាវូបនីយកម្ម តាមរយៈការប្រឡងជ្រើសរើសមន្ត្រីរាជការ និងបើកវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី មធ្យម និងវែងដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ចំពោះមុខនៃការវិវត្តន៏រីកចម្រើនក្នុងវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់សមត្ថភាព និងតម្លើងតួនាទីសមស្របដល់មន្ត្រីរាជការជាស្រ្តី ទៅតាមឋានានុក្រម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយអនុសញ្ញា ស៊ី-ដ(CEDAW) អនុសញ្ញាអង្គការអន្តរជាតិខាងការងារស្តីពីសមភាព និងភាពមិនរើសអើង ពិធីសារតាមជម្រើសនិង អនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។