ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងាររៀបចំ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ។ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ តាមរយៈការពិភាក្សាជាមួយអ្នកជំនាញការផ្នែកប្រាក់ឈ្នួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ការបង្កើតឱ្យមានក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ក្នុងការធានាភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តរភាព នៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាំក់ទាញការវិនិយោគនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណង៖ - កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ - បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្ត្រ កំណត់លក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច - បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដើម្បីជាយន្តការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។