នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរបស់ក្រសួង នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក និងសាលាបឋមសិក្សាសន្ធរម៉ុក ដែលដឹកនាំ និងរៀបចំដោយ ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាក្រសួងការងារ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង។ បេក្ខជនដែលបានដាក់ពាក្យប្រឡង មានចំនួន ៣,០៣៦នាក់ (ស្រី ១,៥១៧នាក់ និងជនពិការ ៤០នាក់) រីឯវិញ្ញាសាប្រឡង ត្រូវបានចែកជា ២មុខវិជ្ជា រួមមាន៖ ទី១.វិញ្ញសាចំណេះដឹងទូទៅពាក់ព័ន្ធនឹងរដ្ឋបាល វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទី២.វិញ្ញាសាជាភាសាអង់គ្លេស។ ចំពោះនីតិវិធីនៃការប្រឡង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់នូវវិញ្ញសាសរសេរ និងវិញ្ញសាផ្ទាល់មាត់។ សូមជម្រាបថា ដំណើរការប្រឡងចូលក្របខណ្ឌក្រសួងការងារ នៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការសហការយ៉ាងរលូន ជាមួយក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពីកម្លាំងសមត្ថកិច្ចផងដែរ៕