នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសន្និសីទខួប១៥ឆ្នាំ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលប្រារព្ធធ្វើឡើងក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគេត្រា។ គោលបំណងនៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះ គឺដើម្បីបង្កើតឱ្យមានប្រព័ន្ធវាយតម្លៃឯករាជ្យ ដែលអាចជឿទុកចិត្តបាន និងទទួលបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាការអនុវត្តត្រឹមត្រូវនៃបទដ្ឋានការងារ ILO និងលក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ សូមបញ្ជាក់ថា បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ឆ្នាំ១៩៩៩-២០០១ ដំបូងឡើយគឺជា គម្រោង ឃ្លាំមើលលក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា តាមការព្រមព្រៀងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ដែលមានគោលបំណងលើកកម្ពស់លក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា សមស្របនឹងបទដ្ឋានការងារអន្តរជាតិរបស់ ILO ដែលទទួលស្គាល់ជាអន្តរជាតិ និងច្បាប់ស្ដីពីការងាររបស់កម្ពុជា។ គម្រោងនេះ ផ្អែកលើការឧបត្ថម្ភហិរញ្ញវត្ថុ ពីក្រសួងការងារសហរដ្ឋអាមេរិក រាជរដ្ឋាភិបាលកម្ពុជា និងសមាគមរោងចក្រកាត់ដេរកម្ពុជា៕