(ភ្នំពេញ)៖ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ” តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេលបីថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពង្រឹងសមត្ថភាព និងផ្តល់ពុទ្ធិថ្មីៗ ដល់ជនបង្គោលយេនឌ័រ តាមអង្គភាពនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលដៅជំរុញការអនុវត្តកិច្ចការពារសិទិ្ធស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ តួនាទីស្រ្តីក្នុងសង្គមជាតិ និងផ្តល់តួនាទីស្រី្តចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមភាព និងបរិយាប័ន្ន និងរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ ឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជា ។
នាឱកាសនោះ លោកជំទាវ ស៊ើង សរសុចិត្តា បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិលនានា ។
លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើសារៈសំខាន់របស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ ប្រកបដោយសមភាព និងបរិយាប័ន្ន ។ ជាក់ស្តែងរាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលបានកំណត់នូវគោលដៅនៃការជំរុញ កំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនពលរដ្ឋកម្ពុជាឱ្យបានពេញលេញ ការលើកស្ទួយសមធម៌ និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយក្នុងយុទ្ធសាស្រ្តនេះ ក៏បានគូសបញ្ជាក់ច្បាស់ថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង”៕
#MLVT #HENGSour