នាព្រឹកថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥ (ម៉ោងនៅហ្សឺណែវ)នេះ នៅស្នាក់ការកណ្តាលរបស់អង្គការអន្តរជាតិខាងការងារ (ILO) នាទីក្រុងហ្សឺណែវប្រទេសស្វីស ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជា ប្រជំុពិភាក្សាការងារជាមួយ ឯកឧត្តម Guy Ryder អគ្គនាយកអង្គការពលកម្មអន្តរជាតិខាងការងារ។ ឯកឧត្តមអគ្គនាយក ILO បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឲ្យដំណើរការគោលនយោបាយស្តីពីមុខរបរនិងការងារកាលពីថ្ងៃទី២២ ខែតុលា និងឆ្នាំ២០១៥ កន្លងទៅនេះ។ ឯកឧត្តមក៏បានកោតសរសើរ និងអបអរសាទរដល់កម្ពុជាដែលមានយន្តការ និងលក្ខណ:វិនិច្ឆ័យច្បាស់លាស់ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា និងបានសម្របសម្រួលការចរចារដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៦ដល់ ១៤០ដុល្លារអាមេរិក។ ឯកឧត្តមអគ្គនាយកទទួលស្គាល់ការលំបាករបស់រដ្ឋាភិបាលក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងភាគី២ដែលមាននិន្នាកាលផ្សេងគ្នា ហើយបានលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងការបំពេញតួនាទីនេះ ព្រមទាំងសន្យាថាILO នឹងគាំទ្ររាល់លទ្ធផលនានាដែលដើរតាមយន្តការត្រីភាគី លក្ខណវិនិច្ឆ័យ និងកាលវិភាគនៃការចរចារគ្នាដែលបានឯកភាពគ្នាកន្លងមក ក្រោមជំនួយបច្ចេកទេសរបសអ្នកជំនាញប្រាក់ឈ្នួលរបស់អង្គការ ILO។ ក្នុងឱកាសនោះឯកឧត្តម អ៉ិត សំហេង ក៏វានថ្លែងនូវអំណរគុណដល់អង្គការ ILO ដែលបានផ្តល់ជំនួយបច្ចេកទេសនានាដល់កម្ពុជានាពេលកន្លងមកជាពិសេសលើ (១) បញ្ហាប្រាក់ឈ្នួលអប្បបរមា (២) គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ និង(៣)កម្មវិធីការងារសម្យរម្យនៅកម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរដល់អង្គការ ILO ដែលទទួលបានជោញជ័យនៅក្នុងការដាក់បញ្ចូលគោលដៅរបស់ខ្លួនចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងសំនួររបស់ឯកឧត្តមអគ្គនាយក ILO អំពីការយល់ឃើញរបស់កម្ពុជាលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ឯកឧត្តម អ៉ិត សំហេង បានកោតសរសើរចំពោះលទ្ធផលការងាររបស់គំរោង BFC នេះ តែសំុឲ្យគំរោង BFC ធ្វើការកែសម្រួលចំនុចមួយចំនួនឲ្យវាអនុឡោមទៅតាមបទដ្ឋានអន្តរជាតិផង និងច្បាប់របស់កម្ពុជាផង។ ទន្ទឹមបឹងនោះឯកឧត្តមក៏បានសំុឲ្យ ILO គិតទៅដល់ចំនុចបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពដល់មន្ត្រីសាធារណ:កម្ពុជា និងលើកកម្ពស់គុណភាពនៃរបាយការណ៍របស់ក្រុមអធិការកិច្ចការងារកម្ពុជាដើម្បីកម្ពុជាទទួលយកកិច្ចការរបស់គំរោង BFC មកអនុត្តដោយខ្លួនឯង នៅពេលវេលាសមស្របណាមួយនាពេលខាងមុខនេះ ពីព្រោះ BFC គឺគ្រាន់តែជាយន្តការបណ្តោះអាសន្នមួយប៉ុណ្ណោះ។ ឯកឧត្តមអគ្គនាយក ILO បានឯកភាពចំពោះទស្សន:របស់ឯកឧត្តមរដ្ឋមន្ត្រីពាក់ព័ន្ធនឹងបញ្ហា BFC នេះ ហើយសន្យាថានឹងត្រៀមខ្លួនជួយដល់កម្ពុជា។ កិច្ចប្រជំុបានប្រព្រឹត្តទៅប្រកបដោយស្មារតីស្និតស្នាល និងត្រង់ទៅត្រង់មកប្រកបដោយផ្លែផ្កាវិជ្ជមាន។ ប្រភព: ឯកឧត្តម ហេង សួរ អ្នកនាំពាក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ