នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ២០មិថុនា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៦ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ២០១៧ ក្រោមប្រធានបទ “លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីការអភិវឌ្ឍន៍សង្គម និងការពារកុមារពីពលកម្មកុមារនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ ចំពោះកិច្ចសហការល្អរវាង នាយកដ្ឋានការងារកុមារ និងអង្គការដៃគូរនានា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ធានា គាំពារ សិទ្ធិ និងអត្ថប្រយោជន៍របស់កុមារ ព្រមទាំងផ្តល់បរិយាកាសល្អឱ្យក្មួយៗបានចូលរួមសប្បាយរីករាយ និងអបអរសាទរពិធីនេះ ដែលនេះសរបញ្ជាក់ឱ្យឃើញនូវការស្រលាញ់ ស្មារតីយកចិត្តទុកដាក់ និងការធានាឧត្តមប្រយោជន៍របស់កុមារនៅក្មុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា ពិធីនេះមិនត្រឹមតែបង្ករភាពសប្បាយរីករាយដល់ក្មួយៗកុមារាកុមារីប៉ុណ្ណោះទេ តែវាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសជម្រុញឱ្យកុមារចូលរួមគ្រប់សកម្មភាព ដែលមានប្រយោជន៍ដល់សង្គម និងការពារកុមារពីពលកម្មកុមារគ្រប់ទម្រង់។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាពេលនេះគឺធ្វើឡើងដើម្បីរំលឹកនូវវិនាសកម្មរបស់ពួកហ្វាសស៊ីលអ៊ីត្លែរ ដែលបានសម្លាប់ស្រ្តី និងកុមារនៅក្នុងកំឡុងឆ្នាំ ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើទី២ និងមហាវិនាសកម្មជាដ៏ធ្ងន់ធ្ងរដែលបង្ករឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ ដែលក្នុងនោះកុមារក៏ត្រូវទទួលរងការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទំងន់ បង្អត់អាហារ គ្មានថ្នាំសង្កូវ ព្រាត់ប្រាស់ឪពុកម្តាយ និងរស់នៅដោយវេទនា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង។ ដោយឡែក ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទន្ទឹមនឹងការស្តា និងអភិវឌ្ឍន៍ជាតិឡើងវិញ សិទ្ធិរបស់កុមារ ត្រូវបានលើកកម្ពស់ និងការពារដោយយកចិត្តទុកដាក់បំផុតពីការកេងប្រវ័ញ្ចផ្សេងៗដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ចេញនូវគោនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនិងកុមារ និងបានបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពរបស់កុមាររួមមាន៖ ១. យុទ្ធសាស្ត្រដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាផ្តោតលើ ការធានា ការអភិវឌ្ឍ ផ្តល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាពដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស។ ២. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្ត្រសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។ ៣. យុទ្ធសាស្ត្រជាតិគាំពាសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះ។ ៤. គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីធានាថា គ្រប់ភូមិ ឃុំសង្កាត់មានសុវត្ថិភាព គ្មានចោរកម្ម និងអំពើប្លន់គ្រប់ប្រភេទ គ្មានការផលិត និងចែកចាយគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ ៥. ផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ ២០១៦-២០២៥។ ៦. ផែនការសកម្មភាពតាមវិស័យរបស់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធនិងពលកម្មកុមារ។ គួររំលឹកផងដែរថា គម្រោងអនុវត្តការលុបបំបាត់ពលកម្មកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួល នូវបរិយាកាសអំណោយផលល្អ និងសំរេចបានជោគជ័យតាមការរំពឹងទុក។ យោងតាមការអង្គេត ពលកម្មកុមារឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិបានបង្ហាញថា ចំនួនពលកម្មកុមារបានធ្លាក់ចុះពាក់ កណ្តាលពីចំនួន ៧៥០ ០០០នាក់ មកត្រឹម ៤២៩ ៣៨០នាក់ និងទម្រង់ធ្ងន់ធ្ងរបានថយចុះពី២៥៣ ០០០នាក់ មកត្រឹម ២៣៦ ៤៩៨នាក់ ទោះបីជាកំនើនប្រជាជនកើនឡើងពី ១០លាននាក់ នៅឆ្នាំ ២០០១ ដល់ ១៤លាននាក់នៅឆ្នាំ ២០១៣។ ចាប់តាំងពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន ក្រសួង បានដកហូតនិងទប់ស្កាត់ពលកម្មកុមារ ប្រមាណ ២៨៥០០នាក់ ដើម្បីឱ្យកុមារទាំងនោះទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញ និងសមាហរណកម្មទៅក្មុងសង្គមវិញ ជួយពង្រឹងការងារសមរម្យប្រមាណ ១៤០០នាក់ សម្រាប់យុវជន និងក្រុមគ្រួសារកុមារក្រីក្រប្រមាណ ២០០០គ្រួសារ តាមរយៈកម្មវិធីលើកកម្ពស់ឱកាសសេដ្ឋកិច្ច និងបង្កើតមុខរបរ ចាប់ពីឆ្នាំ ២០១២ ដល់ ២០១៦។ តួរលេខពលកម្មកុមារបានថយចុះពី ១៦.៥% ក្នុងឆ្នាំ ១៩៩៩ មកត្រឹម ៨.៧%នៅឆ្នាំ ២០១៦ ដោយឡែកចំនួនពលកម្មកុមារនៅក្នុងសេដ្ឋកិច្ចមិនរៀបរយបានថយចុះចំនួន៧៦ករណី ក្នុងឆ្នាំ ២០១៣ ចំនួន៣៤ករណីនៅឆ្នាំ២០១៤ មកត្រឹមចំនួន១៣ករណី នៅឆ្នាំ២០១៥ ចំនួន ៤ករណីនៅឆ្នាំ ២០១៦ និង១ករណីនៅឆមាសទី១ឆ្នាំ ២០១៧ ខណៈដែលកំលាំងពលកម្មនៅតាមគ្រឺះស្ថានសហគ្រាស កើនឡើងពី៥០ម៉ឺន ទៅ៧៣ម៉ឺននាក់។ ជាចុងក្រោយ ដើម្បីឆ្លើយតបទៅនឹង ការលុបបំបាត់គ្រប់ទំរងនៃពលកម្មកុមារ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ដូចខាងក្រោម៖ ១. បន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទំរង់នៃពលកម្មកុមារ ២. បន្តសហការគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទំរង់ធ្ងន់ធ្ងរបំផុតរបស់កុមារ ២០១៦-២០២៥ ៣. ពង្រឹងសមត្ថភាពគ្រប់ភាគី ដើម្បីបង្កើនប្រសិទ្ធភាព និងការទទួលខុសត្រូវ លុបបំបាត់ពលកម្មកុមារ ៤. ផ្សព្វផ្សាយកុមារ និងពង្រឹងអធិការកិច្ច ពលកម្មកុមារនៅតាមគ្រឹះស្ថាននិងសហគ្រាស ៥. ជំរុញការដោះស្រាយករណីពលកម្មកុមារ តាមរយៈកិច្ចអន្តរាគមន៍ស្នូល និងប្រើប្រាស់ថវិកាជាតិ ៦.កៀរគរធនធានសាធារណជន ដើម្បីប្រឆាំងពលកម្មកុមារ និងលើកកម្ពស់ផលប្រយោជន៍កុមារ។