Print this page

ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់តាមរោងចក្រ សហគ្រាស ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងខណ្ឌកំបូល រាជធានីភ្នំពេញ

 អង្គារ, 17 តុលា 2023 18:03  |    Written by MLVT  |  1382 times

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងមន្រ្តីអធិការកិច្ចការងារ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១០ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រចំនួន៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់) ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ 

 

ក្នុងការអញ្ជើញចុះពិនិត្យទីតាំងខាងលើ ឯកឧត្តម គុយ រតនា បានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសំដែងការចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ 

ឯកឧត្តមរដ្ឋលេខាធិការ បានទទួលយកសំណូមពររបស់រោងចក្រ សហគ្រាស ដែលបានស្នើសុំដល់អាជ្ញាធរក្នុងការជួយពន្លឿនបង្ហូរទឹកចេញ និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ 

 

ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើសុំដល់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។ 

ដោយឡែក ចំពោះកម្មករ និយោជិត ដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត ផងដែរ។ 

 

ចំណែករោងចក្រចំនួន៤ នៅក្នុងខណ្ឌកំបូល ជំនន់ទឹកភ្លៀងមិនប៉ះពាល់ដល់សង្វាក់ផលិតកម្មឡើយ ដោយរោងចក្រ សហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាតរួចរាល់៕

 

#MLVT