នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងផ្ទៀងផ្ទាត់ តាមរយៈប្រព័ន្ធវីដេអូ ស្តីពី “គោលការណ៍ណែនាំអាស៊ានស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា” ក្រោមអធិបតិភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងមានសមាសភាពចូលរួមពីមន្រ្តីគ្រប់អង្គភាពចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងផែនការ អង្គការអន្តរជាតិខាងការងារ អង្គការអន្តរជាតិខាងទេសន្តរប្រវេសន៍ អង្គការ UN Women និងទីប្រឹក្សាថ្នាក់តំបន់សរុបប្រមាណ៧០នាក់។
សូមជម្រាបជូនថា គោលការណ៍ណែនាំអាស៊ាន ស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយមុខរបរ និងការងារ ឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៦ កាលពីខែតុលា ឆ្នាំ២០២០។ គោលបំណងរបស់គោលការណ៍ណែនាំគឺដើម្បី៖ (១).កសាង សមត្ថភាព និងពង្រឹងចំណេះដឹង និងការយល់ដឹងរបស់មន្រ្តីការងារ និងភាគីពាក់ព័ន្ធផ្សេងទៀត អំពីទស្សនៈយេនឌ័រ ក្នុងសិទ្ធិមនុស្ស និងបទដ្ឋានការងារអន្តរជាតិ (២).ពិនិត្យឡើងវិញ និងបញ្ជ្រាបកត្តាយេនឌ័រនៅក្នុងច្បាប់ និងគោលនយោបាយ ស្តីពីមុខរបរ និងការងារ និង (៣).លើកកម្ពស់ការចែករំលែកការអនុវត្តដែលមានសក្តានុពលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការអនុវត្តនៃគោលនយោបាយ និងកម្មវិធីមុខរបរ និងការងារក្នុងរដ្ឋសមាជិកអាស៊ាន។
ជាលទ្ធផល សិក្ខាសាលាសម្រេចបាន៖
• តារាងត្រួតពិនិត្យទាំង៤ មានការឆ្លើយតបនិងធាតុចូលយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ និងទទួលបានការឯកភាពពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់លើតារាងត្រួតពិនិត្យ សម្រាប់ផ្ញើទៅលេខាធិការដ្ឋានអាស៊ាន
• សិក្ខាកាមចូលរួមទទួលបានចំណេះដឹងពីបញ្ហា ទស្សនៈទាន ឯកសារគតិយុត្តិ និងបទដ្ឋានការងារអន្តរជាតិពាក់ព័ន្ធនឹងយេនឌ័រ ក៏ដូចជាការយល់ដឹងពីឯកសារគោលការណ៍ណែនាំអាស៊ាននេះផងដែរ៕