Print this page

កីឡាករទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ទទួលបានការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមយកជ័យជំនះក្នុងការប្រកួតប្រណាំងទូក ង ក្នុងព្រះរាជពិធីបុណ្យអុំទូក

 Wednesday, 13 November 2024 15:42  |    Written by MLVT  |  475 times

 

(ភ្នំពេញ)៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយ ក្រុមកីឡាករទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យខិតខំយកជ័យជំនះនៅក្នុងការប្រកួតប្រណាំងទូក ង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ 

 

នៅក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករអុំទូក «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងបរិវេណវត្តចាក់អង្រែលើ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ ជឿជាក់ថាទូក ង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងអាចដណ្តើមយកជ័យជំនះក្នុងថ្ងៃខាងមុខនេះជាក់ជាមិនខានឡើយ។ 

 

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អនៅក្នុងប្រកួតប្រណាំងខាងមុខក្រុមកីឡាករ និងអ្នកដឹកនាំទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក»  ត្រូវប្រកាន់ខ្ជាប់កត្តា៥៖  ទី១. កត្តាទូក៖ ក្រុមកីឡាករទូក ង ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះទូកងរបស់ខ្លួនជៀសវាងមានបញ្ហានៅអំឡុងពេលប្រកួត។ 

ទី២.បច្ចេកទេសនៃការអុំ៖ ក្រុមកីឡាករត្រូវតស៊ូ និងចេះសាមគ្គីគ្នាអំឡុងការប្រកួត។ 

ទី៣. ថ្នាក់ដឹកនាំ៖ អ្នកដឹកនាំត្រូវមានភាពជាអ្នកដឹកនាំខ្ពស់ធ្វើយ៉ាងណាឱ្យក្រុមកីឡាករទាំងអស់មានសាមគ្គីគ្នាដើម្បីយកជ័យជំនះ។ 

ទី៤. សុខភាព៖ ក្រុមកីឡាករទូក ង ត្រូវរក្សាសុខភាពឱ្យបានល្អ ជៀសវាងមានការឈឺថ្កាត់ណាមួយមុនពេល និងអំឡុងការប្រកួតមកដល់។ 

ទី៥. សុវត្ថិភាព៖ ក្រុមកីឡាករត្រូវមានការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលធ្វើដំណើរ និងអំឡុងពេលការប្រកួត ជៀសវាងមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ 

 

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានដាក់ឈ្មោះឡើងតំណាងឱ្យវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ដូច្នេះហើយក្រុមកីឡាករទូក ង និងអ្នកដឹកនាំទូកទាំងអស់ត្រូវប្តេជ្ញាចិត្តក្នុងការយកជ័យជំនះក្នុងការប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ ដើម្បីកេរ្តិ៍ឈ្មោះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលមួយនេះ។ 

 

បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួមទស្សនាការប្រណាំងទូក ង ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង។ ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ៕

 

#MLVT #HENGSour