Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តពោធិ៍សាត់

 Thursday, 11 July 2024 14:14  |    Written by MLVT  |  748 times

(ពោធិ៍សាត់)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសណ្ឋាគារពោធិ៍សាត់ រីវើសាយដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។

 

នាឱកាសនោះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ 

 

ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ពោលគឺរាជរដ្ឋាភិបាលការពារទាំងសុវត្ថិភាពផ្លូវកាយរបស់ពួកគេ ក្នុងពេលពួកគេកំពុងមានកម្លាំងបំពេញការងារ និងការពារសុវត្ថិភាពផ្លូវចិត្ត ដែលអាចជួយបងប្អូន ក្នុងការធានានូវសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ 

 

ឯកឧត្តម ហួត ស៊ីនាដ មានប្រសាសន៍បន្ថែមថា ការដាក់ចេញនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១» គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ អាចមានចំណេះដឹង ចំណេះធ្វើអាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការជីកស្រះឱ្យធំ ដើម្បីចិញ្ចឹមត្រី និងត្រូវបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី ឬចាប់ត្រីដោយខ្លួនឯង។ នេះគឺជាមធ្យោបាយយូរអង្វែង ដែលជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួចចាកផុតពីភាពក្រីក្រ ទៅជាគ្រួសារដែលមានជំនាញមួយ ដែលអាចប្រកបការងារ និងមុខរបរ បង្កើតជាចំណូលយូរអង្វែង និងមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធសន្តិសុខសង្គម នាពេលណាមួយនៅថ្ងៃអនាគត។

 

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ បងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ជាពិសេស គឺជំរុញដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមកចុះឈ្មោះទទួលការបណ្តុះបណ្តាល ដើម្បីអាចមានជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត និងក្រុមគ្រួសារទៅអនាគត៕ 

 

#MLVT #HENGSour #TVET #បសស #NSSF