Print this page

ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅវិទ្យាស្ថានវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

 សុក្រ, 14 កុម្ភៈ 2025 09:40  |  256 times

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន TVET ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់  ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ។ 

 

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងបានជួបសំណេះសំណាលជាមួយលោកនាយក នាយករង (គណៈគ្រប់គ្រងវិទ្យាស្ថាន) រួមទាំងលោកគ្រូ អ្នកគ្រូ ដោយពាំនាំពីការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី និងណែនាំលោកគ្រូ អ្នកគ្រូ លើវិន័យការងារ ត្រូវពង្រឹងសមត្ថភាព និងបន្តយកចិត្តទុកដាក់បង្រៀនសិស្ស ដើម្បីធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញដល់វិទ្យាស្ថាន ត្រូវបន្តរៀបចំការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ.) ឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល៕

 

#MLVT #HENGSour #TVET