Print this page

សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%

 អង្គារ, 21 ឧសភា 2024 17:30  |  685 times

(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានអះអាងថា ក្រោយធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គ១(C1) ១០០% នៃសិក្ខាកាមចំនួន ១២២នាក់ សុទ្ធតែមានការងារធ្វើ និងមួយចំនួនកំពុងហាត់ការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា។ 

 

លោក មុត ចិន្តា គូសបញ្ជាក់ថា៖ “ក្នុងចំណោមសិក្ខាកាមទាំង ១២២នាក់ ដែលបានធ្វើតេស្តវាយសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលមានសិស្សចំនួន ៨៩នាក់ មានការងារធ្វើ និងចំនួន ៣៣នាក់ កំពុងហាត់ការនៅតាមក្រុមហ៊ុននានាដែលនឹងមានការងារធ្វើនៅថ្ងៃខាងមុខដែរ”។

 

នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងដដែលបានលម្អិតថា សិក្ខាកាមដែលទទួលបានការងារធ្វើនោះសិក្សាជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ  ជំនាញការថែទាំ និងជួសជុលរថយន្ត  និងជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ដែលជាមធ្យមសិក្ខាកាមទទួលបានប្រាក់ឈ្នួលដំបូងជាមធ្យមប្រមាណយ៉ាងតិច ២០៤ដុល្លារក្នុងមួយខែ ខណៈដែលអ្នកកំពុងហាត់ការក៏ទទួលបានជាង១០០ដុល្លារដែរក្នុងមួយខែ។

 

លោកបញ្ជាក់ទៀតថា៖«ពួកគាត់ដែលមានការងារធ្វើទទួលបានប្រាក់ខែគោលចំនួន២០៤ដុល្លារក្នុងមួយខែ បូកនឹងប្រាក់បន្ទាប់បន្សំផ្សេងៗទៀត អាចច្រើនជាងនេះ»។

 

សូមរំលឹកថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានធ្វើតេស្តវាយតម្លៃបញ្ចប់វគ្គបណ្ដុះបណ្ដាលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួនសរុប១២២នាក់ ទៅលើមុខជំនាញចំនួន៣ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានបន្ទាប់ពីបើកបវេសនកាលអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៤៕

 

#MLVT #HENGSour #TVET