Print this page

នាយកដ្ឋានពេទ្យការងារបើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាសដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស

 ច័ន្ទ, 09 ធ្នូ 2024 17:58  |    Written by MLVT  |  485 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូឆ្នាំ២០២៤នេះ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាស ក្រោមអធិបតីភាព ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីគ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលនៅតាមសហគ្រាស គ្រឹះស្ថាន សរុបចំនួនជាង ៦០នាក់។ 

 

វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកសុវត្ថិភាព និងសុខភាពការងារ និងលើកកម្ពស់សេវាពេទ្យសហគ្រាសប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅក្នុងគិលានដ្ឋាន ឬបន្ទប់រុំរបួសប្រចាំសហគ្រាស គ្រឹះស្ថាន ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញ ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ជាពិសេសរួមចំណែកបង្ការ និងទប់ស្កាត់ហានិភ័យការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ 

 

ឯកឧត្តម ផេង សុខាំ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ វគ្គបណ្តុះបណ្តាលពេលនេះគឺមានទាំងការចុះទៅទស្សនៈកិច្ចផ្ទាល់នៅមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ ដែលមានឧបករណ៍ទំនើបៗដែលជាជំនួយរបស់KOSHA ដើម្បីបង្ហាញនិងអនុវត្តផ្ទាល់ផងដែរ។ 

 

ឯកឧត្តម ផេង សុខាំ បានបន្តថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣កន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និង សុខភាពការងារ សំដៅលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ 

 

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជាការបំពេញបន្ថែមនូវគុណវុឌ្ឍរបស់គ្រូពេទ្យសហគ្រាស និងបំពេញចំណេះដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារក្នុងគិលានដ្ឋានសហគ្រាស អាចជួបប្រាស្រ័យទាក់ទងគ្នា និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព អនាម័យ និងសុវត្ថិភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ 

 

គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានមេរៀនសរុបចំនួន ១៦មេរៀនដែលផ្តោតលើប្រធានបទសំខាន់ៗចំនួន១៦៕

 

#MLVT #HENGSour