Print this page

វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស ជាលើកទី៣

 ច័ន្ទ, 05 ធ្នូ 2022 15:57  |  3710 times

នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស ជាលើកទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យការងារ និងសិក្ខាកាមដែលជាគ្រូពេទ្យសហគ្រាស សរុបចំនួន ២៤៥នាក់ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ។ 

 

ឯកឧត្តម ឡេង តុង បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារប្រយោជន៍ ជួយឱ្យគ្រូពេទ្យមាននីតិសម្បទាគ្រប់គ្រាន់ក្លាយជាគ្រូពេទ្យសហគ្រាស និងអាចបម្រើការងារនៅតាមរោងចក្រ សហគ្រាសបាន ស្របតាមលក្ខខណ្ឌដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ និងប្រកាសរួមលេខ ១៣៩ សកបយ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០១ ស្តីពីលក្ខខណ្ឌ និងបេសកកម្មសេវាពេទ្យសហគ្រាស។ 

 

ឯកឧត្តម បានបញ្ជាក់ផងដែរថា គ្រូពេទ្យសហគ្រាស ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការបង្ការគ្រោះថ្នាក់ការងារ និងទប់ស្កាត់បញ្ហាដួលសន្លប់របស់កម្មករនិយោជិតនៅកន្លែងធ្វើការ និងបានលើកទឹកចិត្តឱ្យគ្រូពេទ្យសហគ្រាសទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តនៅរោងចក្រ សហគ្រាស ដែលខ្លួនកំពុងបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់។  

 

បន្ថែមពីនេះ ឯកឧត្តម ឡេង តុង ក៏បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំ និងបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងពង្រឹងកិច្ចការអធិការកិច្ចការងារផ្នែកសុវត្ថិភាព និងសុខភាពការងារផងដែរ៕