Print this page

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមន្ត្រីធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងពលករទេសន្តរប្រវេសន៍ ការផ្ទេរប្រាក់បញ្ញើត្រឡប់មកកម្ពុជា និងជនបរទេសដែលមកធ្វើការនៅកម្ពុជា

 ពុធ, 07 ឧសភា 2025 20:46  |  99 times

(ភ្នំពេញ)៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក រ៉េណាតូ ពែរ៉េហ្ស (Renato Perez) ទីប្រឹក្សាថ្នាក់តំបន់ផ្នែកស្ថិតិ External Sector និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថិតិពលករទេសន្តរប្រវេសន៍ ការផ្ទេរប្រាក់បញ្ញើត្រឡប់មកកម្ពុជា និងជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា។

 

ជំនួបពិភាក្សាការងារនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កឹម ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ និងមន្រ្តីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម។

 

នាឱកាសនោះ លោក រ៉េណាតូ ពែរ៉េហ្ស (Renato Perez) បានថ្លែងអំណរគុណចំពោះក្រសួងដែលបានទទួលជួបក្រុមការងាររបស់ IMF និងធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថិតិពាក់ព័ន្ធនឹងពលករទេសន្តរប្រវេសន៍ ការផ្ទេរប្រាក់បញ្ញើត្រឡប់មកកម្ពុជា និងជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា។

 

ឯកឧត្តមរដ្ឋលេខាធិការ សេង សក្តា បានចែករំលែកអំពីការគ្រប់គ្រងទិន្នន័យពលករតាមប្រព័ន្ធ OCWC នូវចំនួនពលករដែលបានបញ្ជូនចេញទៅតាមប្រទេសទទួលនីមួយៗ​ និងវិធីសាស្ត្រក្នុងការគណនាប្រាក់បញ្ញើរបស់ពលករមកប្រទេសកម្ពុជា។ 

 

ទន្ទឹមនឹងនេះ លោក រ៉េណាតូ ពែរ៉េហ្ស (Renato Perez) ក៏បានសាកសួរបន្ថែមអំពីទិន្នន័យជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា និងស្នើសុំទិន្នន័យជនបរទេសដែលបានស្នើសុំប័ណ្ណអនុញ្ញាតការងារ (Work Permit) ហើយត្រឡប់ទៅប្រទេសកំណើតវិញ រួមទាំងប្រាក់ខែរបស់ពួកគេផងដែរ។

 

ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមរដ្ឋលេខាធិការ សេង សក្តា ក៏បានណែនាំឱ្យនាយកដ្ឋានជំនាញសហការជាមួយ IMF និងធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ទិនន្ន័យពាក់ព័ន្ធដែលមាន តបតាមការស្នើសុំរបស់ IMF​​​៕

 

#MLVT #HENGSour