នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់សម្រាប់ប្រទេសកម្ពុជាក្នុងការអនុវត្តកម្មវិធីការកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងលើកកម្ពស់សេវារកការងារឱ្យធ្វើ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ (PROMISE) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវសម្បទា តំណាងគណៈអភិបាលខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមទាំង តំណាងសមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា សហជីព អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណង៖ ១.ស្វែងយល់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោង PROMISE II នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង, ២.បង្ហាញជូនអំពីវឌ្ឍនភាពការអនុវត្តគម្រោង PROMISE II នៅក្នុងឆ្នាំ២០២៣-២០២៤, ៣.ចែករំលែកអំពីការអនុវត្តល្អ និងមេរៀនដែលទទួលបានពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញរបស់ពលករទេសន្តរប្រវេសក៍ និងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និង៤.ពិនិត្យ និងពិភាក្សា លើផែនការការងាររបស់គម្រោងសម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៥៕
#MLVT #HENGSour