Print this page

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

 សុក្រ, 07 កក្កដា 2023 08:28  |  3350 times

(ភ្នំពេញ)៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា អគារស្នាក់ការកណ្តាល ប.ស.ស. ដ៏ស្កឹមស្កៃនេះ ជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំទូលំទូលាយប្រកបដោយនិរន្តភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ អគារស្នាក់ការ ប.ស.ស. ដ៏ល្អនេះក៏ជាកេរដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយប្រើប្រាស់និងអភិវឌ្ឍបន្ត។

 

នាឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវទស្សនាទានទាំងឡាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំពារសុខុមាលភាពសង្គមប្រកបដោយតម្លារភាព និងការចង្អុលបង្ហាញចំពោះកិច្ចការគន្លឹះដែលត្រូវរៀបចំបន្ត អោយកាន់តែមានប្រសិទ្ធភាពដូចខាងក្រោម៖ 

ទី១-ពង្រឹងគុណភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូ របស់ ប.ស.ស.។ 

ទី២-បង្កើតយន្តការគាំពារសង្គមចំពោះការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យចូលទៅក្នុងប្រព័ន្ធ។ 

ទី៣-ពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាពទៅកាន់គ្រួសាររបស់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន។

ទី៤-ពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។ 

ទី៥-បន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រដល់ ប.ស.ស. ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ក្លាយជាប្រព័ន្ធមួយដែលមានសាកសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន៕