Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញចិត្តនឹងលទ្ធផលនៃ ការអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាជំហ៊ានទី២ (DEYII)

 សុក្រ, 02 មិថុនា 2023 14:19  |  1517 times

ភ្នំពេញ៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង មានកិច្ចប្រជុំពិភាក្សាការងារអំពីលទ្ធផលនៃការត្រួតពិនិត្យវាយតម្លៃ និងអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី២ (DEYII) ឆ្នាំ២០២០-២០២៣ 

ក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្តី ជាមួយ លោក Felix Weidenkak អ្នកជំនាញខាងមុខរបរ និងការងារយុវជនថ្នាក់តំបន់ របស់អង្គការអន្ដរជាតិខាងការងារ (ILO)។ 

 

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីតាមដាន ត្រួតពិនិត្យ វាយតម្លៃ ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី DEYII ដែលបានអនុវត្ដចាប់តាំងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ និងពិភាក្សាកំណត់ទិសដៅអាទិភាព និងសូចនាករការងារសំខាន់ៗ នៅក្នុងអនុសាសន៍ ១៨ ចំនុច ដើម្បីធ្វើផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍកម្មវិធីដំណាក់កាលទី៣ (DEYIII) សម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត។ 

 

ជាលទ្ធផល ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តលទ្ធផលនៃការអនុវត្តកម្មវិធី DEYII កន្លងមក។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើតផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់អភិវឌ្ឍកម្មវិធី DEYIII ឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែ ប្រសើរថែមទៀត ដើម្បីបន្តបង្កើន និងលើកកម្ពស់ឪកាសការងារសមរម្យសម្រាប់យុវជន ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយបណ្តុះបណ្តាលជំនាញកម្រិត១ (C1) ដល់យុវជនចំនួន ១.៥ លាននាក់របស់រាជរដ្ឋាភិបាលស្របតាមចក្ខុវិស័យ "ពលរដ្ឋម្នាក់ត្រូវតែមានជំនាញមួយ"៕