Print this page

សិក្ខាសាលាចែករំលែកគោលនយោបាយក្នុងវិស័យមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ-អាស៊ាន លើកទី៣

 អាទិត្យ, 04 ធ្នូ 2022 20:35  |  3373 times

(ភ្នំពេញ)៖ ឯកឧត្តម ហាំង តុលា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំប្រតិភូក្រសួង ចូលរួមសិក្ខាសាលាចែករំលែកគោលនយោបាយក្នុងវិស័យមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ-អាស៊ាន លើកទី៣ ដែលរៀបចំដោយក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួង។ 

 

សិក្ខាសាលានេះ មានការចូលរួមពីអគ្គនាយករបស់ក្រសួងការងារ និងប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន អគ្គលេខាធិការរងអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន តំណាងនិងអ្នកជំនាញពីស្ថាប័នក្រោមឱវាទក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ រួមមានសេវាអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HRDKorea) វិទ្យាស្ថានស្រាវជ្រាវអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (KRIVET) ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារ (KOSHA) សេវាការងារនិងមុខរបរកូរ៉េ (KLES) និងវិទ្យាស្ថានការងារកូរ៉េ (KLI) សរុបប្រមាណ៧០នាក់។ 

 

សិក្ខាសាលានេះ ក៏បានចែករំលែក និងពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន៖ (១) ឥទ្ធិពលនៃឧស្សាហកម្ម៤.០ និងឌីជីថលនីយកម្មលើទីផ្សារការងារកូរ៉េ (២) ការឆ្លើយតបនៃគោលនយោបាយក្នុងវិស័យមុខរបរ និងការងារ ស្របតាមឌីជីថលនីយកម្មក្នុងតំបន់អាស៊ាន (៣) លទ្ធផលនៃគម្រោងសហប្រតិបត្តិការអន្តរជាតិឆ្នាំ២០២២ របស់សាធារណរដ្ឋកូរ៉េ និង (៤) ផែនការ និងសំណើរគម្រោងសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០២៣ របស់កូរ៉េសម្រាប់រដ្ឋសមាជិកអាស៊ាន៕