Print this page

ក្រុមហ៊ុនធំៗ ១៣ ប្រកាសផ្តល់ឱកាសការងារ ១៦១២ កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA

 សុក្រ, 06 ឧសភា 2022 19:57  |  5540 times

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមហ៊ុនធំៗចំនួន១៣ រៀបចំវេទិកាការងារប្រចាំខែ ដោយផ្តល់នូវឱកាសការងារចំនួន ១៦១២ កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នា។ ចំពោះសិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

 

ក្រុមហ៊ុនធំៗទាំង១៣ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់​NEA នោះរួមមាន៖ សណ្ឋាគារភ្នំពេញ, ធនាគារកាថេយូណៃធីត, ដាយណូស័រអាឡាយ, Online, Almond Hospitality Group, Lee’s, ក្រុមហ៊ុន SOKIMEX, Brown Coffee, ធនាគារហត្ថា, MJQ Mengly J.Quach Education, iCare Benefits Group ,TOA និងក្រុមហ៊ុន BETAGRO។

 

វេទិកាការងារនេះ នឹងត្រូវបានរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

 

ដើម្បីទទួលព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអុីអេ ខ្មែរ)៕