Print this page

ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅខេត្តព្រះវិហារ

 ពុធ, 05 មីនា 2025 07:52  |  291 times

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រះវិហារ យ៉ាឡាយ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។ 

 

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញមជ្ឈមណ្ឌល រោងជាង បន្ទប់ពិសោធន៍ និងបានជួបប្រជុំជាមួយនាយកមជ្ឈមណ្ឌល គណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងមន្ត្រី ដោយពាំនាំពីការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី និងណែនាំលោកគ្រូ អ្នកគ្រូ លើវិន័យការងារ យកចិត្តទុកដាក់បង្រៀនសិស្ស ត្រូវពង្រឹងសមត្ថភាព ហើយបានរំលេចពីលក្ខណៈវិនិច្ឆ័យទាំង៦ ដើម្បីធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

ឯកឧត្តមអនុរដ្ឋលេខាធិការបានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន និងរោងជាង ដោយបានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវមានគោលដៅច្បាស់លាស់ចំពោះការសិក្សារបស់ខ្លួន។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញដល់មជ្ឈមណ្ឌលត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និងមានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”៕

 

#MLVT #HENGSour