(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីនៃអគ្គនាយកដ្ឋាន TVET ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាន សម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។
នៅក្នុងជំនួបសំណេះសំណាលជាមួយលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបង្ហាញលម្អិតអំពីកម្មវិធីបណ្ដុះបណ្ដាល ១,៥លាន ព្រមទាំងអត្ថប្រយោជន៍ទទួលបាន, សេវាកម្មរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយរកការងារជូនសិស្សានុសិស្ស ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងកោតសរសើរចំពោះគ្រឹះស្ថានដែលបានបណ្តុះបណ្តាលសិស្ស C1 (1.5M) បានគ្រប់ផែនការកំណត់នៅក្នុងឆ្នាំ២០២៤ ហើយក៏បានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមក្នុងការបន្តជំរុញការផ្សព្វផ្សាយ និងត្រូវមានស្មារតីចូលរួមគោរពទង់ជាតិឱ្យបានគ្រប់គ្នា៕
#MLVT #HENGSour #TVET |