(ភ្នំពេញ)៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពររបស់វិទ្យាស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តម ជា កុសល បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងបានជួបសំណេះសំណាលជាមួយលោកនាយក នាយករង (គណៈគ្រប់គ្រងវិទ្យាស្ថាន) រួមទាំងលោកគ្រូ អ្នកគ្រូ ដោយបានស្នើដល់វិទ្យាស្ថានបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តអនុវត្តកម្មវិធី TVET ១,៥លាននាក់ ឱ្យកាន់តែប្រសើរឡើង និងទទួលបានការគាំទ្រ លទ្ធផលជោគជ័យដោយឈលើអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ»។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញបន្តរៀបចំការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ.) ឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ រួមនិងបន្តផ្តល់អាទិភាពលើការធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិស្សដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ.) ទៅតាមផែនការបណ្តុះបណ្តាល ដូចជាធ្វើតាមកញ្ជប់ស្តង់ដា, ម៉ូឌុលសិក្សា, ម៉ោងសិក្សា និងកម្មវិធីសិក្សាដែលបត់បែនតាមតម្រូវការរបស់សិស្ស៕
#MLVT #HENGSour #TVET |