Print this page

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

 ព្រហស្បតិ៍, 28 មីនា 2024 16:37  |  754 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដល់ជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យសម្រាប់ជួយជ្រោមជ្រែងគ្រួសារ។

 

ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតចំនួន១ ១២៨នាក់នៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។  

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ទាំង១ ១២៨នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារនិងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពបំផុតដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ ចាប់អារម្មណ៍ចូលសិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវកាត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។ 

 

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុងនាមជាពលរដ្ឋខ្មែរដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។

 

ឯកឧត្តមរដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវសម្រាប់យុវជនដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូរស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែអាចបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។

 

ភ្ជាប់នឹងការអំពាវនាវនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ជ័យលាភីទាំងអស់អំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រដែលជាកម្មវិធីថ្នាក់ជាតិដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាសទទួលបានការងារសមរម្យឆាប់រហ័ស។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាដែលបានបណ្តុះបណ្តាលជំនាញបច្ចេកទេសជាង៣០ឆ្នាំនៅកម្ពុជាដែលធ្វើឱ្យវិស័យឯកជនទទួលស្គាល់ពីគុណភាពនៃការបណ្តុះបណ្តាល៕

 

#MLVT #HENGSour #TVET