Print this page

សាលាថៃង្វៀន នឹងបង្កើនផ្តល់អាហាររូបករណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវ: ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា

 ព្រហស្បតិ៍, 06 មេសា 2023 15:26  |  2766 times

(ខេត្តថៃង្វៀន-វៀតណាម)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅសាលាថៃង្វៀន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនាឱកាសនោះ ត្រូវបានទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម Nguyen Ba Hoan អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ឯកឧត្តម Le Quang Tien សមាជិកគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការគណបក្សខេត្ត និងជាអភិបាលរងខេត្ត នៃគណៈកម្មការប្រជាជនខេត្តថៃង្វៀន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃសាលាថៃង្វៀនផងដែរ។ 

 

នាកម្មវិធីជួបសំណេះសំណាលនោះ ពិតជាមានសារ:សំខាន់ណាស់ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនប្រទេសទាំងពីរ។ តាមការថ្លែងរបាយការណ៍ស្វាគមន៍របស់តំណាងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម តំណាងខេត្តថៃង្វៀន និងលោកនាយកសាលាថៃង្វៀន ឯកឧត្តមបណ្ឌិត អុិត សំហេង បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ ដែលបានមកទស្សនកិច្ចនៅដល់ទឹកដីខេត្តថៃ ង្វៀន ជាពិសេសសាលា ថៃ ង្វៀន ដែលកន្លងមក បានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាមកបន្តការសិក្សានៅទីនេះ ចំនួន ១៨១នាក់ និងបច្ចុប្បន្ននេះ កំពុងសិក្សាចំនួន ១០៨នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង។ 

 

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចវៀតណាម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម និងជាពិសេសថ្នាក់ដឹកនាំខេត្តថៃ ង្វៀន ដែលបានគាំទ្រលើការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស។

 

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា ទំនាក់ទំនងកម្ពុជា និងវៀតណាម មានតាំងពីយូរណាស់មកហើយ ហើយប្រៀបបីដូចជាបងប្អូន ដែលតែងតែជួយគ្នាគ្រប់កាលៈទេសៈ។ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។ កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សស្របតាមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងអាទិភាពដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តនៃការធ្វើទំនើបកម្មនៃប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សា សរុបចំនួន ៣២៥ ក្នុងនោះគ្រឹះស្ថានរដ្ឋក្រោមឱវាទក្រសួងមានចំនួន ៣៧ ដែលគ្រឹះស្ថានសិក្សា ចំនួន ៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដាអន្តរជាតិ ISO 9001:2015។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាកន្លងមក វាពិតជាបានជួយ និងបានផ្តល់ឱកាសដល់ពួកគេ ឱ្យទទួលបានជំនាញច្បាស់លាស់ និងជំនាញបច្ចេកទេស ដើម្បីយកទៅបម្រើការងារនៅកម្ពុជា ជាពិសេសបម្រើការងារនៅតាមរោងចក្រ សហគ្រាស របស់អ្នកវិនិយោគិនវៀតណាម នៅកម្ពុជា។ 

ឆ្លើយតបនឹងសំណូមពរ របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម, ថ្នាក់ដឹកនាំខេត្តថៃ ង្វៀន និងសាលាថៃ ង្វៀន នឹងបន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ចំនួន៤៥កន្លែងថែមទៀត លើកម្រិតបរិញ្ញាបត្រ/កម្រិតវិស្វករ សម្រាប់ឆ្នាំ២០២៣នេះ។  

ជាកិច្ចថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់គ្រឿងឥស្សរយស ជូនសាលាថៃង្វៀន ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់ការខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា៕