Print this page

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

 ច័ន្ទ, 06 មីនា 2023 16:27  |  2504 times

នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប ១,៧២៨នាក់ នារី ៦៨៤នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។ 

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។ 

 

បើតាមរបាយការណ៍សង្ខេប ស្តីពីសកម្មភាពបណ្តុះបណ្តាលរបស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឱ្យដឹងថា ក្នុងស្មារតីបង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និង បុព្វហេតុនៃការកសាង និង អភិវឌ្ឍន៍ធនធានមនុស្ស វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានបញ្ញាជន ក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្ត តាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និង ផែនការ ជាយុទ្ធសាស្រ្តវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ជាប្រមុខ  ដ៏ឆ្នើមបំផុត។

 

លើមូលដ្ឋាននេះ ដើម្បីឆ្លើយតបទៅ តាមតម្រូវការជាក់ស្តែង របស់សង្គមជាតិ និង និន្នាការ   រីកចម្រើនរបស់តំបន់ និងពិភពលោក ក្នុងសម័យកាលឧស្សាហកម្មទី៤ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបចំផែនការសកម្មភាពសម្រាប់ការផ្លាស់ប្តូរការអប់រំបែប ឌីជីថល ហើយបានលើកអាទិភាពសំខាន់បី៖

- អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បង្រៀន និងរៀន

- អាទិភាពទី២៖ អភិវឌ្ឍជំនាញនិងសមត្ថភាពឌីជីថល ដែលពាក់ព័ន្ធដើម្បីអោយមានការផ្លាស់ប្តូរ

- អាទិភាពទី៣៖ កែលម្អប្រព័ន្ធអប់រំតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការវិភាគនិងការគ្រប់គ្រងទិន្នន័យ៕